រថយន្ត​អគ្គិសនី​អាចជួយ​ឱ្យ​អ្នក​សន្សំសំច័យ​ប្រាក់​បាន​ចាប់​ពី​ 6,000 ដុល្លារ​អាម៉េរិក​

យោងតាម​ការ​ស្រា​ជ្រាវ​មួយ​តាំងពី​ឆ្នាំ 2020 របស់ Consumer Reports ម្ចាស់​រថយន្ត​អគ្គិសនី​អាច​សន្សំសំច័យ​ប្រាក់​បាន​ចាប់ពី 6,000 ដល់ 10,000 ដុល្លារ​អាម៉េរិក នៅក្នុង​មួយ​អាយុកាល​របស់​វា បើ​ធៀប​នឹង​រថយន្ត​ដែល​ប្រើតែ​ម៉ាស៊ីន​ចំហេះ​ក្នុង។

Chris Harto អ្នកវិភាគ​គោលនយោបាយ​ថាមពល និង​គមនាគមន៍​ជាន់ខ្ពស់​របស់ Consumer Reports បានឱ្យដឹងថា ចាប់តាំងពី​ការស្រាវជ្រាវ​នោះ​ត្រូវ​បានប្រកាស រថយន្ត​អគ្គិសនី​ជាច្រើន​បាន​ថោក​ជាង​មុន ហើយ​រថយន្ត​ម៉ាស៊ីន​សាំង​ប្រែជា​ថ្លៃ​ជាង​មុន។

នៅ​សហរដ្ឋ​អាម៉េរិក ច្បាប់​កាត់បន្ថយ​អតិផរណា​ដែល​លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ 2022 បាន​ពន្យារ​ពេល​ឥណទាន​ពន្ធ​សម្រាប់​រថយន្ត​អគ្គិសនី​ថ្មី​រហូតដល់​ឆ្នាំ 2032។ ការផ្ដល់ជូន​ដែលមាន​តម្លៃ​ឡើងដល់ 7,500 ដុល្លារ​នេះ រួម​នឹង​ការកំណត់​ស្ដីពី​ស្ដង់ដា​មួយចំនួនទៀត បាន និង​កំពុង​រួមចំណែក​ធ្វើឱ្យ​តម្លៃ​រថយន្ត​អគ្គិសនី​កាន់តែ​ធូរ​ថ្លៃ។

នៅពេល​ប្រៀបធៀប​អំពី​ការចំណាយ​សរុប​ក្នុងពេល​ប្រើប្រាស់ គេ​ឃើញថា «ជា​មធ្យម រថយន្ត​អគ្គិសនី​តែងតែ​ល្អ​ជាង​​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង» នេះ​បើតាម Debapriya Chakraborty សេដ្ឋវិទូ និង​ជា​ជំនួយការ​ផ្នែក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​លើ​រថយន្ត​អគ្គិសនី​របស់​សាកល​វិទ្យាល័យ Chicago និង The Associated Press បានឱ្យដឹង​ដូច្នេះ។

ក៏ប៉ុន្តែ នៅមាន​កត្តា​មួយចំនួន​ដែល​អាចធ្វើឱ្យ​លទ្ធផល​ខាងលើ​មានការ​ប្រែប្រួល​សម្រាប់​ម​នុស្សម្នាក់ៗ ក្នុងនោះ​មានដូចជា​កត្តា​តម្លៃ​អគ្គិសនី និង​សាំង​ក្នុង​តំបន់, ប្រសិទ្ធភាព​របស់​ឆ្នាំង​សាក​ថ្ម​តាម​ផ្ទះ​ធៀប​នឹង​ស្ថានីយ​សាធារណៈ, ម៉ូ​ដែល​រថយន្ត និង​រយៈ​ចម្ងាយ​នៃ​ការបើកបរ។ល។

ទោះជា​យ៉ាងណាក៏ដោយ បើ​យោងតាម​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Michigan ដែល​បានប្រកាស​កាលពី​ខែមករា​កន្លងទៅ ការប្ដូរ​មកប្រើប្រាស់រ​ថ​យន្ត​អគ្គិសនី​នឹង​ជួយ​សន្សំសំច័យ​ឥន្ធនៈ​ជា​មធ្យម​បាន 55% សម្រាប់​អតិថិជន​នៅ​ទូទាំង​សហរដ្ឋ​អាម៉េរិក។ ការស្រាវជ្រាវ​នេះ​ក៏បាន​បង្ហាញថា 90% នៃ​គ្រួសារ​នៅសហរដ្ឋ​​អាម៉េរិក​ នឹង​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចប់​ដែល​ពួកគេ​​​បំ​ភាយ​ផងដែរ៕

Advertisement