អតិផរណា​នៅ​ប្រទេស​ម្ចាស់​ជើង​ឯក World Cup 2022 ​កើនឡើង​លើសពី 100%

ជា​លើកដំបូង​ក្នុង​រយៈពេល​ជាង 30 ឆ្នាំ​មកនេះ អតិផរណា​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​កើនឡើង​លើសពី 100% ដែល​នេះ​បង្ហាញថា ក្រុមមន្ត្រី​ប្រទេស​នេះ​នៅតែ​ជួប​បញ្ហា​ក្នុងការ​គ្រប់គ្រង​តម្លៃ​ទំនិញ។

ការិយាល័យ​ជាតិ​ស្ថិតិ​អា​ហ្ស​ង់​ទីន (INDEC) កាលពី​ថ្ងៃទី 14 មីនា បានឱ្យដឹងថា ស​ន្ទ​ស្សន៍​ថ្លៃទំនិញ​ប្រើប្រាស់ (CPI) របស់​ប្រទេស​នេះ​ក្នុង​ខែកុម្ភៈ កើន 102.5% ធៀប​នឹង​ឆ្នាំ​កន្លង។ ល្បឿន​នេះ​ស្ថិតក្នុង​ក្រុម​ប្រទេស​ដែលមាន​អតិផរណា​ខ្ពស់បំផុត​លើ​ពិភពលោក។

​កាលពី​ខែមករា 2023 អតិផរណា​របស់​អា​ហ្ស​ង់​ទី​គឺ 6.6%។ អាហារ និង​ភេសជ្ជ​ស្ថិតក្នុង​ក្រុម​ទំនិញ​ដែល​ឡើងថ្លៃ​ខ្ពស់​ជា​ងគេ ដោយ​អតិផរណា​កើន 9.8% នៅក្នុង​ខែកុម្ភៈ បើ​ធៀប​នឹង​ខែមករា។ ទំនិញ​ដែល​បាន​ឡើងថ្លៃ​ខ្ពស់​បន្ទាប់​គឺ​ទំនិញ​ជា​ឧបករណ៍​ព័ត៌មានវិទ្យា ភោជនីយដ្ឋាន និង​សណ្ឋាគារ។

សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​បី​នៅ​អាម៉េរិក​ឡាទីន កំពុង​វិលវល់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ និង​សង្គម​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ចុង​ក្រោយនេះ។ ថ្មីៗនេះ សេដ្ឋកិច្ច​របស់​អាហ្សង់ទីន​​កាន់តែ​ដុនដាបទៅៗ ដោយ​សារតែ​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែ​ន។

ដើម្បី​ទប់ទល់​នឹង​បញ្ហា​អតិផរណា និង​ទប់ស្កាត់​ការធ្លាក់​ថ្លៃ​របស់​រូបិយប័ណ្ណ​ប៉េ​សូ រដ្ឋាភិបាល​របស់​ប្រធានាធិបតី Alberto Fernandez បាន​អនុវត្ត​គោលនយោបាយ​គាំទ្រ​អត្រា​ប្តូរប្រាក់​ចំពោះ​វិស័យ​មួយចំនួន។ គោលនយោបាយ​នេះ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​អាច​ទិញ​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក​បាន​ថោក​ជាង​ទីផ្សារ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល​ក៏​ចាត់វិធានការ​ជាច្រើន​ផ្សេងទៀត​ដើម្បី​ទប់​ទល់នឹង​អតិផរណា មាន​ជាអាទិ៍ ការដំឡើង​ការប្រាក់​របស់​ធនាគារ​ជាតិ ការផ្អាក​សកម្មភាព​បោះពុម្ព​ក្រដាសប្រាក់។ល។

យោងតាម CNN និង Reuters នៅលើ​ពិភពលោក​បច្ចុប្បន្ន មិនមែន​មានតែ​អា​ហ្ស​ង់​ទីន​មួយ​ទេ​​ដែល​កំពុង​ឈឺក្បាល​នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។ ទិន្នន័យ​ផ្លូវការ​ថ្មី​បំផុត​ដែល​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ប្រកា​ស​កាលពី​ខែតុលា​ឆ្នាំ​កន្លង​ប​ង្ហាញថា អតិផរណា​នៅ​ប្រទេស​នេះ​បាន​ឡើងដល់ 155%។ ចំណែក​នៅ​ប្រទេស​លី​បង់​វិញ តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ខែមករា 2023 បាន​កើន​ដល់ 124% គ្រា​ដែល​អតិផរណា​នៅ​ប្រទេស​ស៊ីម​បា​វ៉េ​ក្នុង​ខែមករា​ក៏​កើន​ដល់ 101.5%៕

Advertisement