អាស៊ានមាន​​​អាទិភាព​ផ្សេង​ត្រូវ​ដោះ​ស្រាយ​មុន​​ «ការបង្កើត​រូបិយ​ប័ណ្ណ​រូ​ម​ក្នុង​តំបន់»

អគ្គលេខាធិការ​​អាស៊ាន បានឱ្យដឹងថា ការបង្កើត​រូបិយ​ប័ណ្ណ​រួម​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ មិនមែនជា​អាទិភាព​នាពេល​បច្ចុប្បន្ន ក្នុង​គ្រា​ដែល​តំបន់​នេះ​កំពុងមាន​របៀបវារៈ​ផ្សេងទៀត​ត្រូវការ​អនុវត្ត។

កាលពី​ថ្ងៃទី 13 មីនា 2023 ពី​ជាយក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី អគ្គលេខាធិការ​​អាស៊ាន លោក កៅ គឹមហួន បាន​ថ្លែងថា ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដ-19 បច្ចុប្បន្ន​គឺជា​អាទិភាព​ចម្បង​លើស​គេ​របស់​អាស៊ាន។

លោក កៅ គឹមហួន ថ្លែងថា «ខ្ញុំ​គិតថា គំនិត​ស្ដីពី​រូបិយ​ប័ណ្ណ​រួម​ត្រូវបាន​ពិភាក្សា​តាំងពី 10 ឬ 20 ឆ្នាំមុន​មកហើយ។ ប៉ុន្តែ ដំណើរការ​នេះ​នៅ​វែងឆ្ងាយ​នៅឡើយ ព្រោះ​យើង​កំពុងមាន​អាទិភាព​ផ្សេងទៀត»។

ក្រៅពី​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូ​វីដ-19 អគ្គលេខាធិការ​អាស៊ាន ក៏បាន​លើកឡើង​អំពី​របៀបវារៈ​ដទៃ មានដូចជា ការតភ្ជាប់​អាស៊ាន, ការ​ជំរុញ​សេដ្ឋកិច្ច​បៃតង និង​​ការ​បង្កើន​ពាណិជ្ជកម្ម​រវាង​បណ្ដា​ប្រទេស​ក្នុង​សមាគម​មួយ​នេះ​។

អគ្គលេខាធិការ​​អាស៊ាន លោក កៅ គឹមហួន

ជំនួស​ឱ្យ​ការបង្កើត​រូបិយ​ប័ណ្ណ​រួម ឥណ្ឌូណេស៊ី ក្នុងនាម​ជា​ប្រធាន​បន្តវេន​អាស៊ាន​សម្រាប់​ឆ្នាំ 2023 បានស្នើ​ឱ្យមាន​ការអភិវឌ្ឍ​បណ្ដាញ​ទូទាត់​ប្រាក់​​ក្នុង​តំបន់​ដើម្បី​ជំរុញ​ការទូទាត់​ឆ្លង​ប្រទេស។

គិត​មកដល់ពេលនេះ ធនាគារ​ចំនួន​ប្រាំ​ក្នុង​តំបន់​អាស៊ាន ដែល​រួមមាន ធនាគារ​ឥណ្ឌូណេស៊ី (BI), ធនាគារ Negara របស់​ម៉ាឡេស៊ី (BNM), ធនាគារ​ហ្វ៊ីលីពីន Bangko Sentral ng Pilipinas (BSP), អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) និង​ធនាគារជាតិ​​ថៃ (BOT) បាន​យល់ព្រម​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​ការតភ្ជាប់​ការទូទាត់​ក្នុង​តំបន់។

កម្មវិធី​សហការ​នេះ​នឹងត្រូវ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​បែប​ឌីជីថល​របស់​បណ្ដា​ប្រទេស​ជាប់ទាក់ទង ក្នុងនោះ​ក៏មាន​ប្រព័ន្ធ​ទូទាត់​ដោយ QR កូដ​ឆ្លង​ប្រទេស និង​​ប្រព័ន្ធ​ទូទាត់​រហ័ស​ផងដែរ៕

Advertisement