គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ថ្មី​ពីរ​កន្លែង​នឹង​បង្កើត​ការងារ​ជិត​បី​ពាន់​កន្លែង

គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចំនួន​ពីរ បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែល​គ្រោង​នឹង​បង្កើត​ការងារ​ថ្មី​ប្រមាណ​ជាង 2,900 កន្លែង នៅ​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដោយមាន​ទុន​សរុប​ប្រមាណ 10.2 លាន​ដុល្លារ​អាម៉េរិក។

ក្រុមហ៊ុន​វិនិយោគ​ថ្មី​ទាំងនេះ​រួមមាន៖

ក្រុមហ៊ុន DUN TAI GARMENT (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ 3 ភូមិ​ព្រៃ​ស្រួល ឃុំ​ពោធិ៍​អង្ក្រង ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,326 កន្លែង។

ក្រុមហ៊ុន PRECLO (CAMBODIA) CO., LTD ៖ គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ក្នុង​ទុនវិនិយោគ​ប្រមាណ 5.1 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,639 កន្លែង។

Advertisement