ទេសាភិបាល​ធនាគារ​កណ្ដាល​ថៃ សង្ឃឹម​ចំពោះ​ការ​ងើប​ឡើង​របស់​សេដ្ឋកិច្ច​

ទេសាភិបាលធនាគារជាតិថៃ (BOT) លោក Sethaput Suthiwartnarueput

កាលពីថ្ងៃទី ០៤ តុលា ទេសាភិបាល​ធនាគារ​ជាតិ​​ថៃ (BOT) Sethaput Suthiwartnarueput បាន​ឱ្យ​ដឹង​ថា ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ នឹង​មិន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​អស្ថិរភាព​របស់​សេដ្ឋកិច្ច​សកល​។

ថ្លែង​នៅ​ក្នុង​សន្និបាត​មួយ​ស្ដីពី​សេដ្ឋកិច្ច​​កាល​ពី​ពេល​ថ្មី​ៗ​នេះ ទេសាភិបាល​ធនាគារ​ជាតិ​​ថៃ លោក Sethaput ឱ្យ​ដឹង​ថា ខឿនសេដ្ឋកិច្ច​របស់​ ប្រទេស​ថៃ ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ ៣.៣% ក្នុង​ឆ្នាំ​នេះ​ និង​ ៣.៨% ក្នុង​ឆ្នាំ​ក្រោយ​ ដោយ​សារ​តែ​លទ្ធភាព​ទិញ និង​វិស័យ​ទេសចរណ៍​ត្រូវ​បាន​កែលំអ។

BOT ជឿ​ថា ចំនួន​ភ្ញៀវ​បរទេស​មក​ទស្សនា​ប្រទេស​ថៃ នឹង​ឡើង​ដល់ ៩.៥ លាន​នាក់​​​នៅ​ក្នុង​ឆ្នាំ​នេះ​ និង ២១ លាន​នាក់​​នៅ​ឆ្នាំ​ក្រោយ​ ដែល​តួលេខ​នេះ​ច្រើន​ជាង​ឆ្ងាយ​ធៀប​នឹង​ជាង ៤ សែន​នាក់​​ក្នុង​ឆ្នាំ​ ២០២១​ ប៉ុន្តែ នៅ​ទាប​ជាង​ឆ្ងាយ​ បើ​ធៀប​នឹងជិត ៤០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៩ មុន​ពេល​កូវីដផ្ទុះ​ឡើង​។

ក្នុង​រយៈ​ពេល ៨ ខែ​ដើម​ឆ្នាំ​នេះ​ ប្រទេស​ថៃ បាន​ទទួល​ភ្ញៀវ​ជាង ៤.៣៨ លាន​នាក់​ នេះ​បើ​តាម​ ក្រសួង​ទេសចរណ៍​ និង​កីឡា​ថៃ​៕

Advertisement