ព្រឹទ្ធ​សភា​អាមេរិក​តែងតាំង​ស្ត្រី​​ដើម​កំណើត​​តៃវ៉ាន់ ជា​តំណាង​ពាណិជ្ជកម្ម​អាមេរិក ដើម្បី​ប្រឈមមុខ​នឹង​ចិន

កាលពី​ថ្ងៃទី 17 មីនា 2021 ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​តែងតាំង​លោកស្រី Katherine Tai ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅក្នុង​រដ្ឋាភិបាល​របស់​ប្រធានាធិបតី Joe Biden។

សារព័ត៌មាន AP និង​កាសែត The Hill បាន​រាយការណ៍​ថា លោកស្រី Katherine Tai ទទួលបាន​ការគាំទ្រ​ស្ទើរតែ​ដាច់ខាត​នៅក្នុង​ការបោះឆ្នោត​របស់​សភា ដោយមាន 98 សំឡេងគាំទ្រ និង​មិនមាន​សំឡេង​ជំទាស់។

លទ្ធផល​ខាងលើនេះ ជួយ​ឱ្យ​លោកស្រី Katherine Tai ក្លាយជា​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ដំបូង​គេ និង​ជា​ស្ត្រី​ស្បែក​ខ្មៅ​ដំបូង​គេ​ដែល​កាន់កាប់​តំណែង​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក។ លោកស្រី​បាន​ក្លាយជា​សមាជិក​ទី 19 នៅក្នុង​គណៈរដ្ឋមន្ត្រីរ​បស់​ប្រ​ធានា​ធីប​តី Biden ដែល​ត្រូវបាន​សភា​ជាន់ខ្ពស់​គាំទ្រ។

នៅពេល​កាន់កាប់​តំណែង​ជា​អ្នកតំណាង​ពាណិជ្ជកម្ម​អាមេរិក លោកស្រី Tai នឹងត្រូវ​ប្រឈម​មុខជា​មួយ​នឹង​ភារកិច្ច​យ៉ាងច្រើន​នៅក្នុង​គ្រា​ដែល​រដ្ឋាភិបាល​លោក Biden កំពុង​កំណត់​គោលនយោបាយ​ពាណិជ្ជកម្ម ក្នុងនោះ​ក៏មាន​កិច្ចការ​ដោះស្រាយ​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយនឹង​ម៉ិ​ក​ស៊ិ​ក និង​កាណាដា រួម​នឹង​ការដោះស្រាយ​បញ្ហា​ពាណិជ្ជកម្ម​ជាមួយនឹង​សហភាព​អឺរ៉ុប (EU)។ល។

លោក​ស្រី ​Katherine Tai

លោកស្រី Katherine Tai បច្ចុប្បន្ន​មាន​អាយុ 46 ឆ្នាំ គឺជា​កូន​នៃ​គ្រួសារ​មួយ​មកពី​កោះ​តៃវ៉ាន់។ លោកស្រី​ជា​អ្នកជំនាញ​ខាង​ចរចា​ផ្នែក​ពាណិជ្ជកម្ម និង​ជា​មេធាវី​ជើងចាស់​ម្នាក់​ផងដែរ។

លោកស្រី Katherine Tai ត្រូវបាន​គេ​ស្គាល់​ថា​ជា​មេធាវី​លំដាប់​កំពូល​មួយរូប​ដែល​ធ្វើការ​នៅ​ការិយាល័យ​តំណាង​ពាណិជ្ជ​កម្ម​របស់​សហរ​ដ្ឋ​អាមេរិក អំពី​បញ្ហា​ជាមួយ​ប្រទេស​ចិន នៅក្នុង​អំឡុង​ឆ្នាំ 2007-1214 ដោយ​ចូលរួម​ដោះស្រាយ​ផ្ទាល់​រាល់​បញ្ហា​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO)។

មេធាវី​រូបនេះ​ក៏​ធ្លាប់បាន​ប្រកាសថា នឹងធ្វើ​ការ​ជាមួយ​ក្រុម​ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក ដើម្បី​បង្កើត​សមរភូមិ​រួមមួយ សម្រាប់​ទប់ទល់​នឹង​ប្រទេស​ចិន​ដែល​សហរដ្ឋអាមេរិក​យល់​ឃើញថា កំពុង​ធ្វើ​សកម្មភាព​ប្រកបដោយ​ភាព​ដាច់ខាត៕

ប្រភព៖ AP, The Hill
ប្រែ​សម្រួល៖ បុត្រា

Advertisement