នាង Whitney Wolfe Herd អាយុ 31 ឆ្នាំ កាលពីដើមខែកុម្ភៈនេះ បានក្លាយជាមហាសេដ្ឋិនីរកស៊ីមានបានដោយខ្លួនឯងក្នុងវ័យនៅក្មេងជាងគេ ក្រោយពីកម្មវិធី (app) ណាត់ជួបគ្នា ឈ្មោះ Bumble ដែលនាងបានបង្កើតឡើង ត្រូវបានធ្វើ IPO។
យោងតាមឯកសារដែលបានផ្ញើទៅកាន់ផ្សារហ៊ុន ជាមួយនឹងភាគហ៊ុន 11.6% នៅក្នុងក្រុមហ៊ុន នាង Wolfe Herd បច្ចុប្បន្នមានទ្រព្យ 1.5 ពាន់លានដុល្លារ និងជាមហាសេដ្ឋិនីវ័យក្មេងបំផុតនៅសហរដ្ឋអាមេរិក។ នាងក៏ជា CEO ក្មេងបំផុតដែលបានដឹកនាំក្រុមហ៊ុនចូលផ្សារហ៊ុននៅប្រទេសនេះផងដែរ។
Bumble គឺជាកម្មវិធីណាត់ជួបគ្នាធំទីពីរដែលបានធ្វើ IPO (បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង) បន្ទាប់ពី Match Group ដែលជាក្រុមហ៊ុនមេរបស់ Match.com ឆ្នាំ 2015។ Match Group ក៏ជាអ្នកកាន់កាប់ Tinder និងធ្លាប់ព្យាយាមទិញ Bumble កាលពីឆ្នាំ 2017 ក្នុងតម្លៃ 450 លានដុល្លារអាមេរិក។ បច្ចុប្បន្ន តម្លៃមូលធនទីផ្សាររបស់ Bumble ត្រូវបានកំណត់ត្រឹម 8.3 ពាន់លានដុល្លារ។ ក្រុមហ៊ុននេះរកបានចំណូល 417 លានដុល្លារក្នុងរយៈពេល 9 ខែដើមឆ្នាំ 2020 កើនឡើងច្រើនធៀបនឹង 363 លានដុល្លារក្នុងដំណាក់កាលដូចគ្នាកាលពីឆ្នាំ 2019។
នាង Wolfe Herd បានបង្កើត Bumble ក្នុងឆ្នាំ 2014 ក្រោយពីបានប្ដឹង Tinder (ក្រុមហ៊ុនចាស់របស់ខ្លួន) ដោយសារតែបញ្ហាបៀតបៀនកេរ្ដិ៍ខ្មាស។ Wolfe Herd បានចោទប្រកាន់ថា អតីតចៅហ្វាយរបស់នាង គឺលោក Justin Mateen បានគំរាមកំហែង និងដកតំណែងសហស្ថាបនិក Tinder របស់នាង។ Tinder ក្រោយមកក៏បានបដិសេធ ហើយបញ្ហាក៏ត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស និងប្រកបដោយអាថ៌កំបាំង។
ក្រោយពីបានចាកចេញពី Tinder នាង Wolfe Herd បានសហការជាមួយមហាសេដ្ឋី Andrey Andreev (ជាអ្នកដែលទទួលបានជោគជ័យក្នុងការកសាងកម្មវិធីណាត់ជួបនៅក្នុងទីផ្សារអឺរ៉ុប និងអាមេរិកឡាទីន) ដើម្បីបង្កើត Bumble ក្នុងឆ្នាំ 2014។ នៅលើថ្នាល Bumble មានតែស្ត្រីប៉ុណ្ណោះដែលមានសិទ្ធិអាទិភាព។ ប្រការនេះគឺផ្ទុយពី Tinder រួមនឹងកម្មវិធីណាត់ជួបដទៃទៀត។
Andreev ចាកចេញពីក្រុមហ៊ុនកាលពីឆ្នាំ 2019 ក្រោយពី Forbes បានចុះផ្សាយការស៊ើបអង្កេតមួយដែលចោទប្រកាន់ថា មានការរើសអើងស្ត្រីភេទនៅក្នុងការិយាល័យនាទីក្រុងឡុងដ៍ ជាកន្លែងដែល Andreev ទទួលខុសត្រូវ។ បញ្ហានេះគឺដើរបញ្ច្រាសនឹងគោលការណ៍របស់ Bumble។ ក្រុមហ៊ុនបានធ្វើការស៊ើបអង្កេត និងបានប្រកាសថា ព័ត៌មាននេះមិនពិត។
ឆ្នាំ 2020 Blackstone Group បានទិញភាគហ៊ុនរបស់លោក Andreev នាំឱ្យតម្លៃមូលធនទីផ្សាររបស់ Bumble កើនដល់ 3 ពាន់លានដុល្លារអាមេរិក។ Bumble គ្រប់គ្រងទាំងកម្មវិធីណាត់ជួបមួយទៀតដែលមានឈ្មោះថា Badoo។ បច្ចុប្បន្ន app ទាំងពីរនេះមានវត្តមាននៅក្នុងប្រទេស និងដែនដីចំនួន 150 ក្នុងពិភពលោក និងមានអ្នកប្រើប្រាស់ជាង 40 លាននាក់ជារៀងរាល់ខែ។
វិថីទៅកាន់ជោគជ័យរបស់ Wolfe Herd មិនមែនជារឿងងាយស្រួលឡើយ។ ប៉ុន្តែ នាងយល់ថា គ្រប់គ្នាអាចចាប់ផ្ដើមធ្វើជំនួញ និងជោគជ័យបានដូចគ្នា។ «ដំបូង ចូរស្វែងរកឱ្យឃើញនូវចំណង់ចំណូលចិត្តផ្ទាល់ខ្លួន។ បើសិនជាអ្នកពិតជាមានចំណេះដឹងក្នុងវិស័យណាមួយ អ្នកនឹងរកឃើញវិធីដើម្បីធ្វើជំនួញ» នាង Wolfe Herd បានប្រាប់ CNBC ដូច្នេះ។ នាងបន្តថា៖ «ឧទាហរណ៍ អ្នកគឺជាចុងភៅឆ្នើមម្នាក់ ដូច្នេះ ចូរបង្កើត blog មួយ និងនិយាយអំពីវិធីចម្អិតអាហារ ហើយចាប់ផ្ដើមលក់រូបមន្ត»។
កាលពីឆ្នាំ 2017 Wolfe Herd ត្រូវបាន Forbes បញ្ចូលឈ្មោះទៅក្នុងបញ្ជី 30 Under 30 នៅក្នុងវិស័យបច្ចេកវិទ្យាសម្រាប់ឯកជនភាព (Consumer technology)។ Bumble ក៏បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងនៅក្នុងថ្ងៃជួញដូរដំបូង នៅពេលមូលបត្របានឡើងថ្លៃជិតទ្វេដងនៃតម្លៃ IPO៕
ប្រភព៖ CNBC, Forbes
ប្រែសម្រួល៖ បុត្រា