​មាស​ពិភពលោក​ឡើង​ថ្លៃ​ខ្ពស់​​ជាង​គេ​បង្អស់​ រាប់ចាប់​​ពី​​ឆ្នាំ​2011​

​មាស​ពិភពលោក​ឡើង​ថ្លៃ​ខ្ពស់​​ជាង​គេ​បង្អស់​ រាប់ចាប់​​ពី​​ឆ្នាំ​2011​

ក្រោយ​ពី​បាន​​បង្កើត​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​9​ឆ្នាំ​កាល​ពី​យប់​ថ្ងៃទី​21​កក្កដា​កន្លង​ទៅ​ តម្លៃ​មាស​នា​ព្រឹក​នេះ​ (22កក្កដា) បន្ត​កើន​ជាង​20​ដុល្លារ​ ពោល​គឺ​កើន​ឡើង​លើស​ពី​1,860​ដុល្លារ​ក្នុង​1​អោន​។

បិទ​ការ​ជួញ​ដូរ​កាល​ពី​ថ្ងៃទី​21​កក្កដា​ តម្លៃមាស​​លក់​ចេញ​ផ្ទាល់​បាន​កើន​ជិត​24​ដុល្លារ​ក្នុង​1​អោន​ គឺ​កើន​ឡើង​ដល់​1,841​ដុល្លារ​ ខ្ពស់​ជាង​គេ​បង្អស់​រាប់ចាប់​តាំង​ពី​ខែកញ្ញា ឆ្នាំ​2011​។ ព្រឹក​នេះ មាស​ក៏​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ ដោយ​បច្ចុប្បន្ន​ ការ​ជួញ​ដូរ​មាស​ មាន​តម្លៃ​ប្រមាណ​ជា​1,863​ដុល្លារ​ក្នុង​1អោន​។

Bart Melek ដែល​ជា​នាយក​ផ្នែក​យុទ្ធ​សាស្ត្រ​ទំនិញ​មក​ពី​ក្រុម​ហ៊ុន​ TD Securities យល់​ថា “រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​ធ្លាក់​ថ្លៃ នាំ​ឱ្យ​ពិភពលោក​ងាក​ទៅ​រក​ទ្រព្យ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​នេះ។ ប្រភេទ​ទ្រព្យ​ដែល​មាន​អត្រា​ការ​ប្រាក់​ធ្លាក់​ចុះ​ ក៏​ជា​កត្តា​មួយ​ជួយ​ដល់​មាសផងដែរ​”។

តម្លៃ​រូបិយវត្ថុ​ដុល្លារ​អាមេរិក​ កាលពី​ម្សិល​មិញ​បាន​ដាំ​ក្បាល​ចុះ​ជ្រៅ​បំផុត​​ក្នុង​រយៈ​ពេល​4​ខែ​កន្លង​ទៅ​នេះ​ បើធៀប​នឹង​កញ្ចប់​រូបិយវត្ថុ​ធំៗឯទៀត​។ ប្រាក់​ដុល្លារ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​សំខាន់​របស់​​មាស​ នៅ​ពេល​ដែល​ក្រុម​អ្នកវិនិយោគ​មាន​តម្រូវ​ការ​គេច​ចេញ​ពី​ហានិភ័យ​។

ក្រុម​មន្ត្រី​សហរដ្ឋ​អាមេរិក​ សប្ដាហ៍​នេះ​ កំពុង​តែ​ពិភាក្សា​គ្នា​អំពី​កញ្ចប់​ថវិកា​ថ្មី​សម្រាប់​ជំនួយ​​សេដ្ឋកិច្ច​។ ចំណែក​ក្រុម​មេដឹក​នាំ​​នៃ​សហ​ភាព​អឺរ៉ុប​ កាល​ពី​ម្សិល​មិញ​ក៏​សម្រេច​បាន​កិច្ច​ព្រម​ព្រៀងមួយ​​​ស្ដី​អំពី​ការ​បញ្ចេញ​កញ្ចប់​ថវិកា​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​ដែល​មាន​តម្លៃ​ជាង​850​ពាន់​លាន​ដុល្លារ​អាមេរិក​ ក្រោយ​ការ​ពិភាក្សា​គ្នា​អស់ជា​ច្រើន​ថ្ងៃ​។

​មាស​ពិភពលោក​ឡើង​ថ្លៃ​ខ្ពស់​​ជាង​គេ​បង្អស់​ រាប់ចាប់​​ពី​​ឆ្នាំ​2011​ការ​ស្រង់​ស្ថិតិ​មួយ​របស់​ទីភ្នាក់​ងារ​សារ​ព័ត៌មាន Reuters បាន​បង្ហាញ​ថា​ តម្លៃ​មាស​កំពុង​តែ​ឆ្ពោះ​ទៅ​រក​កំំណត់​ត្រា​ថ្មី​មួយ​ទៀត​ក្នុង​រយៈ​ពេល​18​ខែ​ទៅ​មុខ​។ ក៏ប៉ុន្តែ អត្រា​នៃ​ការ​លក់​គ្រឿង​អលង្ការ​​នៅ​ទ្វីប​អាស៊ី​ នៅ​មាន​កម្រិត​ទាប បូក​រួម​នឹង​ការ​រំពឹង​ដ៏​តិច​តួច​ចំពោះ​​កំណើន​សេដ្ឋ​កិច្ច​​ទូទាំង​ពិភពលោកទៀត​ នោះ​​​នឹង​អាច​កាត់​បន្ថយ​កំណើនដ៏ខ្លាំង​ក្លា​​នៃ​តម្លៃ​មាស​នាពេល​ខាងមុខ។

ចំណែក​នៅក្នុងទីផ្សារ​ក្នុង​ស្រុក​វិញ តម្លៃ​មាស​មួយ​ចំនួន​​រួមមាន​​ដូច​ជា​ មាសគីឡួ​លក់ចេញ​1តម្លឹង​​ស្មើ​នឹង​2,170​ដុល្លារ​ ខណៈ​​មាសគីឡួ​ទិញចូល1តម្លឹង​​​ស្មើ​នឹង​2,150ដុល្លារ និង​​មាសដេញ​​លក់ចេញ​1ជីស្មើ​នឹង​822.000រៀល (ប្រហែល​202​ដុល្លារ​)៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស​/សាលា​ក្រុង​ភ្នំ​ពេញ

Advertisement