កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន​ចិន​ Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​

តុលាការ​កាណាដា​នឹង​ចេញ​សាល​ក្រម​​​នៅ​សប្ដាហ៍​ក្រោយ​ទាក់​ទង​​នឹង​បញ្ហា​ដែល​ថា​ គួរ​តែ​បញ្ជូន​ខ្លួន​នាយិកា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ Huawei គឺ​​អ្នក​ស្រី​ Meng Wanzhou ទៅកាន់​ទឹក​ដី​អាមេរិក​​តាម​សំណើ​ពី​អាមេរិកាំង​​ដែរ​ ឬ​យ៉ាង​ណា​។

យោង​តាម​​សារ​ព័ត៌មាន​ South China Morning Post​ អ្នកស្រី​ Heather Holmes​ ដែល​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia របស់​ប្រទេស​កាដាណា​ នៅថ្ងៃទី​22​​នេះ​ បាន​ឱ្យ​ដឹង​ថា តុលាការ​នេះ​នឹង​សម្រេច​ប្រកាស​សាល​ក្រម​លើ​រឿង​ក្ដី​​របស់​អ្នកស្រី​ Meng Wanzhou ដែល​ជា​នាយិកា​ហិរញ្ញវត្ថុ​របស់​ក្រុម​ហ៊ុន​ចិន​ Huawei​ នៅ​ថ្ងៃទី​27​ឧសភា​ខាង​មុខ​ ហើយ​អ្នក​ស្រី​ Meng Wanzhou ប្រហែល​ជា​អាច​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរី​ភាព​។

សាល​ក្រម​តុលាការ​​ខេត្ត​​ British Columbia របស់​កាដាណា​នឹង​សម្រេច​ថា​ តើ​​​​អ្នក​ស្រី​ Meng Wanzhou បាន​ប្រព្រឹត្ត​បទ​ល្មើស​ចំនួន​ពីរ​ដែរ​ ឬ​យ៉ាង​ណា​ ពោល​គឺ​មាន​ន័យ​ថា អ្នក​ស្រី​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ បើ​សិន​ជា​ត្រូវ​បាន​ថ្កោល​ទោស​​ទាំង​នៅ​កាណាដា ទាំង​នៅ​សហរដ្ឋ​អាមេរិក​។ បើ​សិន​ជា​អនុប្រធាន​តុលាការ​កំពូល​នៃ​ខេត្ត​​ British Columbia សម្រច​ចិត្ត​ចេញ​សាល​ក្រម​​បញ្ជាក់​ថា អ្នកស្រី​ Meng Wanzhou មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​សហរដ្ឋ​អាមេរិក​នោះ​ទេ អ្នក​ស្រី​ Wanzhou អាច​នឹង​ត្រូវ​បាន​ដោះលែង​​ ប៉ុន្តែ ប្រការ​នេះ​ក៏​នៅ​តែ​អាស្រ័យ​ទៅ​លើ​ក្រុម​មេធាវី​របស់​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កាណាដា​​ ដែល​ថា​តើ​ពួក​​គេ​បន្ត​​ប្ដឹង​ឧទ្ធរណ៍​ទៀត​ឬ​អត់​។ ផ្ទុយ​ទៅ​វិញ បើ​សិន​ជា​​ពិនិត្យ​ឃើញ​ថា​ អ្នក​ស្រី​ Wanzhou បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​​សហរដ្ឋ​អាមេរិក​ដែរ​នោះ រឿង​ក្ដី​បញ្ជូន​ខ្លួន​​អ្នក​ស្រី​ទៅ​​កាន់​​សហរដ្ឋ​អាមេរិក​​នឹង​នៅ​តែ​បន្ត​​ទៅ​មុខ​ជាមួយ​នឹង​ការ​ការ​ពារ​កូន​ក្ដី​របស់​ក្រុម​មេធាវី​ដែល​តំណាង​ឱ្យ​អ្នក​ស្រី Wanzhou។

កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
អ្នកស្រី​ Meng Wanzhou ចាក​ចេញ​ពី​តុលារ​​មួយ​នៅ​កាណាដា​កាល​ពី​ខែ​មករា​ ឆ្នាំ​2020

ដើម្បី​ទទួល​បាន​សេរី​ភាព​ អ្នក​ស្រី​ Wanzhou និង​ក្រុម​មេធាវី​របស់​អ្នកស្រី​ ត្រូវ​តែ​ធ្វើ​យ៉ាង​ដើម្បី​បញ្ចុះ​បញ្ចូល​ចៅ​ក្រម​តុលាការ​ឱ្យ​ជឿ​ជាក់​ថា ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋ​អាមេរិក​គឺមិនសម​ស្រាប​ជាមួយ​នឹង​ច្បាប់​របស់​កាដាណា​ និង​​ជា​រឿង​នយោបាយ​។

រឿង​ក្ដី​ធ្វើ​បត្យាប័ន​នាយិកា​ហិរញ្ញវត្ថុ​របស់ Huawei អាច​បន្ត​រហូត​ដល់​ខែ​តុលា ឬ​ខែវិច្ឆិកា​ឆ្នាំ​នេះ អាស្រ័យ​ទៅ​លើ​ការ​វិនិច្ឆ័យ​របស់​ចៅក្រម​។ ក៏ប៉ុន្តែ ដោយ​សារ​តែ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​​ រឿង​ក្ដី​នេះ​អាច​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​ទៅ​មុខទៀត​។

អ្នកស្រី​ Wanzou ត្រូវ​បាន​សមត្ថ​កិច្ច​ប្រទេស​កាណាដា​ចាប់​ឃាត់​ខ្លួន​នៅ​ឯព្រលាន​យន្តហោះ​ Vancouver កាល​ពី​ថ្ងៃទី​1​ធ្នូ ឆ្នាំ2018​ ទៅតាម​សំណើ​របស់​សហរដ្ឋ​អាមេរិក​។ អ្នកស្រី Meng Wanzhou ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ចោទ​ថា​បាន​កុហក​ធនាគារ​​ធំ​ៗ​នៅ​​សហរដ្ឋ​អាមេរិក​អំពី​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន Huawei ទៅលើ​ក្រុមហ៊ុន Skycom នៅ​ទីក្រុង​ហុងកុង។ Skycom គឺ​ជា​ក្រុមហ៊ុន​មួយ​ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​លក់​ទំនិញ​​​ទៅ​ឱ្យ​​​ប្រទេស​អ៊ីរ៉ង់ ដែល​នេះ​គឺ​ជា​ការ​រំលោភ​លើ​ការ​ដាក់​ទណ្ឌកម្មសេដ្ឋ​កិច្ច​​របស់​សហរដ្ឋ​អាមេរិក​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់។ បើ​សិន​ជា​ត្រូវ​បាន​កាត់​ទោស​​នៅ​​សហរដ្ឋ​អាមេរិក​ អ្នក​ស្រី​ Meng Wanzhou អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​30​ឆ្នាំ​។

កូន​ស្រី​របស់​ស្ថាបនិក​ក្រុម​ហ៊ុន Huawei អាច​ត្រូវ​បាន​ដោះ​លែង​នៅ​សប្ដាហ៍​ក្រោយ​
អ្នក​ស្រី​ Meng Wanzhou ចេញ​ពី​រថយន្ត​​ បន្ទាប់​ពី​​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការកាណាដា​​កាល​ពី​ខែ​មករា​2020

រឿង​ក្ដី​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ចិន​ជាមួយ​កាដាណា និង​ចិន​ជាមួយ​អាមេរិកាំង​មាន​ភាព​តាន​តឹង​។ បន្ទាប់​ពី​អ្នក​ស្រី​ Meng Wanzhou​ ត្រូវ​បាន​ចាប់​ឃាត់​ខ្លួន​បាន​9​ថ្ងៃ អាជ្ញា​ធរ​​ចិន​ក៏​បាន​ចាប់​ខ្លួន​ Michael Kovrig ដែលជា​អតីត​អ្នកការ​ទូត​ និង​​​​ Michael Spavor ជា​អ្នកជំនួញ​របស់​សហរដ្ឋ​អាមេរិក​ផងដែរ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement