មហាសេដ្ឋី Elon Musk ត្រៀម​ខ្លួន​​ទទួល​​​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​អាមេរិក​

មហាសេដ្ឋី Elon Musk ជិត​ទទួល​បាន​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​

មហាសេដ្ឋី​ Elon Musk ​ទើប​តែ​បាន​ជួយ​ឱ្យ​ក្រុមហ៊ុន​ Tesla សម្រេច​បាន​គោលដៅ​ជា​ច្រើន​ ដូច្នេះ​លោក​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ទិញ​មូលបត្ររបស់​​ក្រុម​ហ៊ុន​ Tesla ​ក្នុង​តម្លៃ​ទាប ពោល​គឺ​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃ​តម្លៃ​ទី​ផ្សារ​។

អគ្គនាយករបស់​​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ដើរ​ដោយ​ថាម​ពល​អគ្គិសនី Tesla គឺ​លោក Elon Musk មិន​ទទួល​​ប្រាក់​ខែ​ ឬ​ប្រាក់​រង្វាន់​ផ្ទាល់​នោះ​ទេ​។ យោង​តាម​កិច្ច​ព្រម​ព្រៀង​ជាមួយ​ភាគហ៊ុនិកកាល​ពី​​​ឆ្នាំ​2018​ មហាសេដ្ឋី​រូប​នេះ​នឹង​ទទួល​​បាន​​​​20.3​លាន​ហ៊ុន​រហូត​ដល់​ឆ្នាំ​2028​​ បើ​សិន​ Tesla ដើរ​សម្រេច​បាន​គោល​ដៅ​ដែល​បាន​កំណត់​​ទាក់​ទិន​នឹង​ការ​រកស៊ី និងដើម​​ទុន​។

កាល​ពី​ថ្ងៃទី​5ឧសភា ដើម​ទុន​ជា​មធ្យម​ក្នុង​រយៈ​ពេល​6​ខែ​កន្លង​របស់​ក្រុម​ហ៊ុន​ Tesla បាន​ឡើង​ដល់​100​ពាន់​​លាន​ដុល្លារ​។ ជាមួយ​នឹង​បណ្ដា​គោល​ដៅ​ដែល​សម្រេច​បាន​កន្លង​មក លោក​ Musk បច្ចុប្បន្ន​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ដើម្បី​ទទួល​បាន​សិទ្ធិ​​ជ្រើស​រើស​ដំបូង​ នោះ​គឺ​ ការ​ទិញមូលបត្រ​​​របស់​ Tesla ចំនួន​ 1.69​លាន​ហ៊ុន ​ក្នុង​តម្លៃ​ត្រឹម​តែ​350.02ដុល្លារ​/ហ៊ុន​។ យោង​តាម​តម្លៃ​មូលបត្រ​របស់ក្រុម​ហ៊ុន​​ Tesla នៅ​លើ​ទី​ផ្សារ​កាល​ពី​ថ្ងៃទី​5​ឧសភា(768​ដុល្លារ/ហ៊ុន) ចំនួន​មូលបត្រ​​ដែល​លោក Musk នឹង​ទទួល​បាន​ នឹង​ជួយ​ឱ្យ​លោក​ចំណេញ​បានរហូត​ដល់​ ​706​លាន​ដុល្លារ​ឯណោះ​។

មហាសេដ្ឋី Elon Musk ត្រៀម​ខ្លួន​​ទទួល​​​ប្រាក់​រង្វាន់​ជាង​700​លាន​ដុល្លារ​អាមេរិក​
មហាសេដ្ឋី Elon Musk

ខ្ទង់​ប្រាក់​ចំណូល​សរុប​របស់​លោក Musk ត្រូវ​បាន​ចែក​ជា​12​លើក​។ យោង​តាម​ការ​គន់​គូរ​របស់​ Tesla បើ​សិនសម្រេច​បាន​គោល​ដៅ​ទាំង​អស់​ មហាសេដ្ឋី​រូប​នេះ​នឹង​ទទួល​បាន​ជាង​50​ពាន់​​​លាន​ដុល្លារ​​អាមេរិក​​បន្ថែម​ទៀត​។

លោក​ Musk បច្ចុប្បន្ន​កាន់​កាប់​​​20​% នៃ​ភាគ​ហ៊ុន​សរុប​របស់​ Tesla។ មហាសេដ្ឋី​ Elon Musk ឆ្នាំ​នេះ​មាន​អាយុ​48​ឆ្នាំ គឺ​ជា​កំពូល​អ្នកមាន​ម្នាក់​ក្នុង​ពិភពលោក ដោយ​មាន​ទ្រព្យ​ 38.5​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់ Bloomberg Billionaires Index។

ចាប់​ពីដើម​ឆ្នាំ ភាគ​ហ៊ុន​របស់ Tesla បាន​កើន​​86% ហើយ​បាន​រុញ​ដើមទុន​សរុប​ឡើង​ដល់​144​ពាន់​លាន​ដុល្លារ​នា​បច្ចុប្បន្ន​។ គិត​មក​ដល់​ពេល​នេះ Tesla គឺជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ទំនើប​ និង​តម្លៃ​ថ្លៃ​លំដាប់​ទី​ពីរ​​ក្នុង​ពិភពលោក បន្ទាប់​ពី​ Toyota៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement