អតីត​កម្ម​ករ​រោង​ចក្រ​របស់​ Samsung ក្លាយ​ជា​អ្នក​មាន​ជាង​គេ​លំដាប់​ទី​2​នៅ​កូរ៉េខាង​ត្បូង​

អតីត​កម្ម​ករ​រោង​ចក្រ​របស់​ Samsung ក្លាយ​ជា​អ្នក​មាន​លំដាប់​ទី​2​នៅ​កូរ៉េខាង​ត្បូង​
មហាសេដ្ឋី​ Seo Jung-jin ដែលជា​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​ឱសថ Celltrion

មហាសេដ្ឋី​ Seo Jung-jin ដែលជា​សហ​ស្ថាបនិក​ក្រុម​ហ៊ុន​ឱសថ Celltrion បាន​ក្លាយ​ជា​មហាសេដ្ឋី​មួយ​រូប​ក្នុង​ចំណោម​មហាសេដ្ឋី​តិច​តួច​បំផុត​ដែល​​ទ្រព្យ​​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ “សម័យ​ COVID-19 ដោយ​សារ​​តម្លៃ​មូល​បត្រ​​របស់​ក្រុម​ហ៊ុន​នេះ ស្ថិត​ក្នុង​លំដាប់​ “មហា​លោត​ផ្លោះ​”។

Celltrion គឺជា​ក្រុម​ហ៊ុន​ឱសថ​បច្ចេក​វិទ្យា​ជីវ​សាស្ត្រ​ ប៉ុន្តែ នៅ​ពេល​ COVID-19 បាន​កើត​ឡើង​ តម្រូវ​ការ​ផ្នែក​សម្ភារ​សុខាភិបាល​ក៏បាន​កើន​ឡើង​ខ្ពស់ ដូច្នេះ​ ក្រុម​ហ៊ុន​នេះ​ក៏បាន​ងាក​ទៅ​ផលិត​សម្ភារ​សុខាភិបាល​ និង​អភិវឌ្ឍ​ថ្នាំ​​ព្យាបាល​ COVID-19។

ក្ដី​សង្ឃឹម​របស់​ទី​ផ្សារ​ទាក់​ទិន​នឹង​ឈុត​ឧបករណ៍​ធ្វើ​តេស្ត​ថ្មី និង​ថ្នាំ​ព្យាបាល​ COVID-19 ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​កូរ៉េខាង​ត្បូង​ Celltrion បាន​ជួយ​ឱ្យ​ទ្រព្យ​របស់​ស្ថាបនិក​​ Seo Jung-jin កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ដែល​នឹក​ស្មាន​មិន​ដល់​។

ចាប់​តាំងពី​ Forbes បាន​ចេញ​ផ្សាយ​បញ្ជី​រាយ​នាម​នៃ​បណ្ដា​អ្នក​មាន​បំផុត​នៅ​ក្នុង​ពិភពលោក​កាល​ពីថ្ងៃទី​18​មីនា​ ទ្រព្យ​របស់​អ្នកជំនួញ Seo Jung-jin អាយុ​62​ឆ្នាំ ក៏បាន​កើន​បន្ថែម​2.2​ពាន់​លាន​ដុល្លារ​ ធ្វើ​ឱ្យ​ទ្រព្យ​សរុប​របស់​លោក​កើន​ឡើង​ដល់​8.3​ពាន់​លាន​ដុល្លារ ខណៈ​ដែល​តម្លៃ​មូលបត្រ​របស់​ Celltrion បាន​ឡើង​​​37.6​%។

​​ភាគ​ហ៊ុនិក​​នានា​ដែល​កំពុង​វិនិយោគ​ទៅ​លើ​ Celltrion សង្ឃឹម​ និង​ជឿ​ជាក់​ថា ក្រុម​ហ៊ុន​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ និង​ផលិត​ថ្នាំ​ព្យាបាល​ COVID-19 នា​ពេល​​ឆាប់​ៗ​ខាង​មុខ​។

លោក Kwon Ki-sung ដែលជា​នាយក​ផ្នែក​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍​របស់​ក្រុម​ហ៊់ុន Celltrion បាន​ឱ្យ​ដឹង​ថា “ជាមួយ​នឹង​ដំណាក់​កាល​​នៃ​ការ​អភិវឌ្ឍ​​អង្គបដិប្រាណ​ប្រឆាំង​នឹង​វីរុស​ COVID-19 យ៉ាង​ឆាប់​រហ័ស​ យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​តេស្ត​​ថ្នាំ​នៅ​លើ​មនុស្ស​ក្នុង​ខែ​កក្កដា​ខាង​មុខ​”។

អតីត​កម្ម​ករ​រោង​ចក្រ​របស់​ Samsung ក្លាយ​ជា​អ្នក​មាន​លំដាប់​ទី​2​នៅ​កូរ៉េខាង​ត្បូង​
ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រកវីរុស​COVID-19

លោក​ Kwon Ki-sung បន្ត​ថា “យើង​ខ្ញុំ​ក៏កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​អង្គ​បដិប្រាណ​​ដ៏អស្ចារ្យ​មួយ ដែល​ត្រូវ​បាន​ហៅ​ថា cocktail អង្គ​បដិប្រាណ ហើយ​តាម​គម្រោង​​ យើង​នឹង​បញ្ចេញ​ឧបករណ៍​ធ្វើ​តេស្ត​លឿន​ដោយ​ស្វ័យប្រវត្ត​ នៅក្នុង​រដូវ​ក្ដៅ​នេះ​”។ លោក​បញ្ជាក់​ថា ឧបករណ៍​ធ្វើ​តេស្ត​រកមេរោគ​ COVID-19 របស់​ Celltrion អាច​ឱ្យ​ដឹង​លទ្ធ​ផល​​ដោយ​ប្រើ​ពេល​ត្រឹម​តែ​ពី​15-20​នាទីប៉ុណ្ណោះ​។

ពីកម្មករ​រោង​ចក្រ​ ក្លាយ​ជា​​មហាសេដ្ឋី​ពិភពលោក

មហាសេដ្ឋី Seo ធ្លាប់​ជា​កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​ផលិត​គ្រឿង​បន្លាស់អេឡិចត្រូនិច​របស់​ក្រុម​ហ៊ុន​ Samsung ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​1980​។ ក្រោយ​មក លោក​ក៏បាន​ក្លាយជា​នាយក​ប្រតិបត្តិ​ជាន់​ខ្ពស់​នៃ​រោង​ចក្រ​ផលិត​រថយន្ត​​កូរ៉េខាង​ត្បូង​ Daewoo Motor ប៉ុន្តែ​ លោក​បាន​ចាក​ចេញ​ពី​ក្រុម​ហ៊ុន​នេះ​ ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ​អាស៊ី​កាល​ពី​ឆ្នាំ​1999​។

លោក​ Seo បាន​រៀប​រាប់​អំពី​អតីត​កាល​​របស់​លោក​ថា “ម្ដាយ​ក្មេក​របស់​ខ្ញុំបាន​ហៅ​ទូរស័ព្ទ​មក​ខ្ញុំ​ ដោយ​សួរ​ខ្ញុំ​ថា​ តើ​ខ្ញុំ​នឹង​ធ្វើ​អ្វី​ដើម្បី​រក​ប្រាក់​? ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍​ថា ហត់នឿយ​​ ធុញ​ទ្រាន់​ជាមួយ​នឹង​សម្ដី​រអ៊ូរទាំ​របស់​គាត់​ខ្លាំង​ណាស់​ ដូច្នេះ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​មួយ​”​។

ជាមួយ​នឹង​មិត្តភក្ដិ​មួយ​ចំនួន​នៅ​ឯ​ក្រុម​ហ៊ុន Daewoo លោក Seo បាន​បង្កើត​ Celltrion កាល​ពី​ឆ្នាំ​2020 ហើយ​បច្ចុប្បន្ន លោក​បាន​ក្លាយ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​2​នៅ​ប្រទេស​កូរ៉េខាង​ត្បូង​។

Celltrion ដែល​មាន​ទីស្នាក់​ការ​ធំនៅ​ទីក្រុង​ Incheon បាន​ចូល​ទីផ្សារ​ភាគ​ហ៊ុន​កាល​ពីឆ្នាំ​2008។ ក្រោយ​រកស៊ី​រយៈ​ពេល​10​ឆ្នាំ តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​នេះ បាន​កើន​ដល់​ 27.7​លាន​លាន​វ៉ុន(ប្រមាណ​ជា​ 22.8​ពាន់​លាន​ដុល្លារ​​អាមេរិក)។

Celltrion មិន​មែនជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជីវសាស្ត្រ​តែ​មួយគត់​នៅ​កូរ៉េខាង​ត្បូង​នោះ​ទេ​ ដែល​កំពុង​ចូល​រួម​ប្រកួត​ក្នុងការ​អភិវឌ្ឍ និង​ផលិត​​ថ្នាំ​ព្យាបាល​ COVID-19។ គូប្រជែង​ដ៏​សំខាន់​របស់​ពួក​គេ​នោះ​គឺ​ Samsung BioLogics ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Samsung ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី​10​មេសា​ថា ខ្លួន​កំពុង​សហការ​ជាមួយ​ Vir Technology របស់​សហរដ្ឋ​អាមេរិក តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ដែល​​មាន​តម្លៃ​ 362​លាន​ដុល្លារ​​ដើម្បី​ផលិត​ថ្នាំ​ប្រឆាំង​នឹង​វីរុស COVID-19៕

ប្រភព៖ Forbes

Advertisement