អាមេរិក​ដកចិន​ចេញ​ពី​បញ្ជី​ប្រទេស​ដែល​កំណត់​តម្លៃ​លុយ​ដោយ​ខុស​ច្បាប់​ ធ្វើ​ឱ្យ​តម្លៃ​ភាគ​ហ៊ុន​នៅ​ Wall ​Street​ កើន​ឡើង​បែប​មិន​ធ្លាប់​មាន

បណ្ដា​ក្រុម​​ហ៊ុន​នៅ​ Wall Street (តំបន់​មួយនៅ​ទីក្រុង New York សហ​រដ្ឋ​អាមេរិក) បានកើន​ថាម​ពល​ឡើង​វិញ ដោយក្នុង​នោះ​គេឃើញតម្លៃ​មូល​បត្រ​របស់ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla កើនឡើង​​លើស​ 500ដុល្លារ​ក្នុង​ 1​ហ៊ុន​ជា​លើក​ដំបូង​បង្អស់ កាលពី​ថ្ងៃ​ទី​11 មករា ​កន្លង​ទៅ​ បន្ទាប់ពី​មាន​ព័ត៌មាន​​ថា អាមេរិកបាន​​ដក​ប្រទេស​ចិន​ចេញ​ពី​បញ្ជី​ឈ្មោះ​​ប្រទេស​ដែលកំណត់​តម្លៃ​លុយដោយ​ខុស​ច្បាប់។​

ដំណឹង​ខាង​លើ​នេះ​ក៏​បាន​ជួយ​ឱ្យ​ផ្សារ​មូល​បត្រ​នៅ​អាមេរិក​បន្ត​មាន​កម្លាំង​កាន់​តែ​ខ្លាំង។

នៅ​លើ​តារាង​សន្ទស្សន៍ S&P 500 កើន​ឡើង​ 0.7% ដោយ​មាន​ 3,288.13​ពិន្ទុ ខណៈបិទ​បញ្ចប់​ការ​ជួញដូរ​ចុង​ក្រោយ​កាល​ពី​ម្សិល​មិញ​។ ចំណែក Nasdaq Composite ក៏​បាន​កើន​ឡើងបែប​មិន​ធ្លាប់​មាន​ពី​មុនមក​ផងដែរ ដោយ​បានកើនឡើង 1% និង​មាន 9,273.93ពិន្ទុ នៅ​ពេល​តម្លៃ​មូល​បត្រ​របស់​ក្រុម​ហ៊ុន​ Tesla បាន​កើន​ឡើង​ខ្ពស់។ Dow Jones កើន​ឡើង​ 0.3% ដែល​ស្មើ​នឹង​ 83.28ពិន្ទុ។

តម្លៃ​ភាគ​ហ៊ុន​ Goldman Sachs និង Cisco Systems បាន​កើន​ឡើងជាង 1% ជួយ​ជំរុញ​ល្បឿន​នៃ​កំណើន​របស់ Dow Jones។ S&P 500 បាន​កើន​ពិន្ទុច្រើន​ដោយ​សារ​ភាគ​ហ៊ុន​បច្ចេក​វិទ្យា​ អចលនទ្រព្យ និង​សម្ភារ ដែល​វិស័យ​នីមួយ​ៗ​បាន​កើនឡើង​យ៉ាង​តិច​ 1.3%។ រី​ឯតម្លៃ​ភាគ​ហ៊ុន​របស់ Apple ក៏​​កើនឡើង​ 2.1% ដែល​ជាកម្រិតកើនឡើង​ខ្ពស់​បំផុតដែរ។

តម្លៃ​ភាគ​ហ៊ុននៃ​ក្រុម​ហ៊ុន ​Tesla បាន​កើន​ឡើង​ 8% បន្ទាប់​ពី​អ្នក​វិភាគ​មួយ​រូប​នៅក្រុម​ហ៊ុន Oppenheimer បានលើក​ឡើងថា តម្លៃ​ភាគ​ហ៊ុន​នៃ​ក្រុម​ហ៊ុន​ Tesla ​នឹង​កើន​ពី​ 385 ទៅ 612ដុល្លារ។ អ្នក​វិភាគ​រូប​នេះ ​បាន​លើក​ឡើង​អំពី​ការ​ទទួល​យក​ហានិ​ភ័យ​របស់​ Tesla និង​មហិច្ឆតា​​ធំជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ក្រុម​ហ៊ុន​ក្នុង​វិស័យ​ដូច​គ្នា​នេះ​។

គួរ​រំឭក​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក និង​ចិន ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​15 មករាកន្លង​ទៅ ដោយ​ក្នុង​នោះ អាមេរិក​នឹង​កាត់​បន្ថយ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ដែល​ផលិត​នៅ​ប្រទេស​ចិន​ ចំណែក​ចិន​ក៏​បាន​សន្យា​ទិញ​បន្ថែម​នូវ​កសិផល​​របស់​អាមេរិក​ផងដែរ៕

ប្រភព៖ សារ​ព័ត៌មាន​បរទេស

Advertisement