ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។

ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។

កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។

បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។

គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។

យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅត្រីមាសទីមួយ​នៃ​ឆ្នាំ 2024 ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ មាន​ភាព​ប្រសើរ​ឡើង​។ ប្រទេស​ចិន​ក្លាយ​​ជា​ដៃគូ​ដោះដូរ​ពាណិជ្ជកម្ម​ធំជាង​គេ​របស់​កម្ពុជា​ ដោយ​សម្រេច​បាន​ជាង 3ពាន់​2រយ​លាន​ដុល្លារ​អាម៉េរិក។​​ ក្នុង​នោះ​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង 3រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​ ខណៈដែលការ​​នាំ​ចេញ​របស់​ចិន​មក​កម្ពុជា​ សម្រេចបាន​រហូតជាង 2ពាន់8រយលានដុល្លារ។

ដោយ​ឡែក​ ​សហរដ្ឋ​អាម៉េរិក​ដែល​​ជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​បាន​នាំ​ចូល​ទំនិញ​ពី​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត 2​ពាន់​លាន​ដុល្លារ​ គ្រា​ដែល​កម្ពុជា​បាន​នាំ​ចូលទំនិញ​ពី​សហរដ្ឋ​អាម៉េរិក​ក្នុង​ទំហំ​ទឹក​ប្រាក់​តែ​ជាង​ 57 លាន​ដុល្លារ​ប៉ុណ្ណោះ នៅ​ត្រីមាស​ទីមួយ​​នៃ​ឆ្នាំ​ 2024​។

Advertisement