ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។

រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។

យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

Advertisement