Nissan មានវិធី​ដើម្បី​បញ្ចុះ​តម្លៃ​រថយន្ត​អគ្គិសនី

ក្រុម​ហ៊ុន​ Nissan កំពុង​តែ​ប្រើ​ប្រាស់​វិធីសាស្ត្រ Gigacasting ទៅ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​នា​ពេល​អនាគត ដូច​ទៅ​នឹង​ Tesla Model Y។ Gigacasting ប្រើ​ប្រាស់​ពុម្ព​ធំ​ដើម្បី​បង្កើត​គ្រឿង​បង្គុំ​សម្រាប់​ប្រព័ន្ធ​គ្រឿង​ក្រោមរបស់​រថយន្ត​អគ្គិសនី​​ ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​ផលិត​បាន​ 10%​។

នេះ​គឺជា​ផ្នែក​មួយ​នៅ​ក្នុង​គម្រោង «The Arc» របស់​ Nissan ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​បង្ហាញ​រថយន្ត​ចំនួន 30 ម៉ូដែល​នៅ​​ឆ្នាំ 2027​ និង​សម្រេច​បាន​តុល្យភាព​ស្ដី​ពី​ការ​ចំណាយ​លើ​ការ​ផលិត​រវាង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង និង​រថយន្តអគ្គិសនី​នៅ​ឆ្នាំ 2030​។

ក្រៅ​ពី​នេះ Nissan ក៏​កំពុង​អភិវឌ្ឍ​ថ្ម​ផ្ទុកថាមពល​ប្រភេទ​រឹង ហើយ​គ្រោង​នឹង​បង្ហាញ​ថ្ម​ប្រភេទ​នេះ​សម្រាប់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ 2028​។

បច្ចុប្បន្ន Nissan កំពុង​ប្រឹង​ប្រែង​ដើម្បី​តាម​ឱ្យ​ទាន់​គូ​ប្រជែង​នានា​ ពិសេស​គឺ​ Tesla របស់​អាម៉េរិក និង BYD របស់​ចិន នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​ពិភពលោក​។

Advertisement