Shell បិទ​ទ្វារ​ស្ថានីយ​ប្រេង​សាំង​ 1,000 កន្លែង ដើម្បី​ងាក​ទៅ​រក​​ស្ថានីយ​សាកថ្ម​រថយន្ត​អគ្គិសនី

ក្រុម​ហ៊ុន​ប្រេង​ឥន្ធនៈ​ Shell កំពុង​រក​វិធី​បិទ​ទ្វារស្ថានីយលក់​រាយ​​ប្រេង​សាំង​រហូត​ដល់ 1,000 កន្លែង​ ក្នុង​ពេល​ឆាប់​ៗ​​ខាង​មុខ​ ដើម្បី​ងាក​ទៅ​រក​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ពិភព​លោក​កំពុង​នាំ​គ្នា​ជំរុញ​យ៉ាង​ខ្លាំង​ក្លា។

នៅ​ក្នុង​របាយការណ៍​ថ្មី​បំផុត​របស់​ខ្លួន ក្រុម​ហ៊ុន Shell ដែល​មាន​ទីស្នាក់ការ​នៅ​ចក្រភព​អង់គ្លេស បាន​ឱ្យ​ដឹង​ថា ខ្លួន​មាន​គម្រោង​បិទ​ទ្វារ​ទីតាំង​លក់​រាយ​ប្រេង​សាំង​ចំនួន 500 កន្លែង​/ឆ្នាំ សម្រាប់​ឆ្នាំ 2024 និង​ 2025​។ ជំនួស​មក​វិញ ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​ផ្ដោត​ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​ ហើយ​សង្ឃឹម​ថា ចំនួន​ស្ថានីយ​សាក​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​នឹង​កើន​ដល់​ 200,000 កន្លែង​នៅ​ក្នុង​ឆ្នាំ 2030​ ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង 54,000 កន្លែង​ នា​បច្ចុប្បន្ន​។

Shell ក៏​កំពុង​តែ​មាន​ផែនការ​វិនិយោគ​ពី 10 ទៅ 15 ពាន់​លាន​ដុល្លារ​អាម៉េរិក ទៅ​ក្នុង​បណ្ដា​គម្រោងដែល​​បំភាយ​ឧស្ម័ន​កាបូន​កម្រិត​ទាប​ផងដែរ​។

នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ដែល​កំពុង​នាំមុខ​គេ​ក្នុង​វិស័យ​បញ្ចូល​ថាមពល​ល្បឿន​លឿន​សម្រាប់​រថយន្ត​អគ្គិសនី​ ដែល​ហៅ​ថា Supercharger គឺ​ Tesla ដោយ​រួម​ចំណែក​រហូត​ដល់ 61.7% នៃ​បណ្ដា​ញ​សាក​ថ្ម​ EV នៅ​លើ​ទឹក​ដី​នេះ​ ខណៈ​ដែល​ ​Shell Recharge របស់ក្រុម​ហ៊ុន​អង់គ្លេស​នៅ​សហរដ្ឋ​អាម៉េរិកវិញ មាន​ចំណែក​ប្រមាណ 1.7% ប៉ុណ្ណោះ​ នៅ​ក្នុង​វិស័យ​នេះ​។

Advertisement