BYD កំពុង «​រំដោះ​ទីផ្សារ» ​ពី​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង

របាយការណ៍​ថ្មី​មួ​យ​បាន​ប្រកាស​ថា ថ្នាល​បច្ចេកវិទ្យា​ EV ថ្មី​ របស់​ក្រុម​ហ៊ុន​ចិន​ BYD នឹង​កាត់បន្ថយ​ការ​ចំណាយ​បន្ថែម​ទៀត នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ចាប់​ផ្ដើម​ «សង្គ្រាម​រំដោះ» ប្រឆាំង​នឹង​រថយន្ត​ប្រើ​សាំង​។

ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ Tesla ដើម្បី​ក្លាយ​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ជាង​គេ​លើ​ពិភពលោក​នៅ​ក្នុង​រយៈ​ពេល​ 3 ខែ​ចុង​ឆ្នាំ 2023 ក្រុម​ហ៊ុន​ BYD ក៏​​ប្រកាស​ថា Tesla មិន​មែនជា​គូប្រជែង​។

BYD បាន​បង្កើត​សង្គ្រាម​តម្លៃ​ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង (ICE) កាល​ពី​ខែ​កន្លង​ ដោយ​បង្ហាញ​វត្តមាន​រថយន្ត​អគ្គិសនី​ Qin Plus EV និង PHEV ថ្មី​។ ចាប់​ផ្ដើម​ពី​តម្លៃ 15,200 ដុល្លារ​អាម៉េរិក រថយន្ត​អគ្គិសនី​ថ្មី​របស់​ BYD បើក​ទំព័រ​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​ជាងរថយន្ត ICE។

ជាង​នេះ កំណែ​ DM-I (PHEV) ថែម​ទាំង​មាន​តម្លៃ​ទាប​ជាង​ ពោល​គឺ​ចាប់​ពី​ប្រហែល​ 11,000 ដុល្លារ​ ដោយ​ប្រើ​ប្រាស់​ថ្ម​ផ្ទុក​អគ្គិសនី​ដែល​អាច​ឱ្យ​ធ្វើ​ដំណើរ​បាន​ចម្ងាយ​ 120 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ​។

Qin Plus ដែល​ដំណើរ​ការ​ដោយ​អគ្គិសនីពី​ថ្ម​ 48 kWh ឬ​ 57.6 kWh អាច​ធ្វើ​ដំណើរ​បាន​ចម្ងាយ​រហូត​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់ 36kr ក្រុម​ហ៊ុន​ BYD នឹង​ប្រើប្រាស់​រាល់​ចំណុច​ខ្លាំងផ្នែក​បច្ចេកវិទ្យា​​របស់​ខ្លួន​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​នឹង​រថយន្ត​សាំង​ នៅ​ 3 ឆ្នាំ​ខាង​មុខ​។

ប្រព័ន្ធ DM-I ជំនាន់​បន្ទាប់​របស់ BYD នឹង​អនុញ្ញាត​ឱ្យរថយន្ត​ប្រភេទ​ PHEV ធ្វើដំណើរ​បាន​រយៈ​ចម្ងាយ​ជាង 2,000 គីឡូម៉ែត្រ។ ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​រថយន្ត​សាំង​ពិបាក​ប្រកួត​ប្រជែង​។

យោង​តាម Electrek គោល​ដៅ​ចម្បង​របស់ BYD គឺ​ការ​ដណ្ដើម​យក​ចំណែក​ទីផ្សារ​ពី​រថយន្ត​ដំណើរ​ការ​ដោយ​ប្រេង​សាំង​ ក្នុង​រង្វង់​ 3 ឆ្នាំ​ខាង​មុខ​៕

Advertisement