Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។

ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។

Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។

ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។

រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។

Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota ផងដែរ​។

ក្រុម​ប្រឹក្សា​វិនិយោគ​ថៃ (BOI) ឱ្យ​ដឹង​ថា Kia កំពុង​ពិនិត្យ​លើ​ការ​វិនិយោគ​ទៅ​មក​កាន់​ប្រទេស​នេះ​ បន្ទាប់​មាន​ព័ត៌មាន​ថា ក្រុម​ហ៊ុន​នេះ​បាន​ប្ដូរទិសដៅ​ចេញ​ពី​ប្រទេស​ថៃ​។

ថៃ​គឺជា​ប្រទេស​ផលិត​ និង​នាំ​ចេញ​រថយន្ត​ធំបំផុត​នៅ​អាស៊ី​។ ប្រទេស​នេះ​កំពុងទាក់​ទាញ​ការ​វិនិយោគ​ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​ និង​មាន​គោល​ដៅ​ធ្វើ​ឱ្យ​រថយន្ត​អគ្គិសនី​គ្របដណ្ដប់ចំណែក​ទី​ផ្សារ​​ 30% នៃ​រថយន្ត​សរុប​ដែល​ផលិត​ក្នុង​ស្រុក​ នៅ​ឆ្នាំ 2030​។

មន្ត្រី​ថៃ​មួយ​រូប កាល​ពី​ដើម​សប្ដាហ៍​នេះ​ ឱ្យ​ដឹង​ថា Tesla ក៏​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ ​អំពី​រោង​ចក្រ​ថ្មី​ដែល​អាច​ទាក់​ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី និង​ថ្មផ្ទុក​ថាមពល​។

នៅ​ប្រទេស​ថៃ បើ​ទោះ​បណ្ដា​ក្រុម​ហ៊ុន​ដូច​ជា​ Toyota និង​ Honda ធ្លាប់​បាន​គ្រប់​គ្រង​ទីផ្សារ​នេះ ប៉ុន្តែ​បច្ចុប្បន្ន បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន បាន​សន្យា​ថា នឹង​វិនិយោគ​ជាង 1.44 ពាន់​លាន​ដុល្លារ​អាម៉េរិក ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ៕

Advertisement