BYD បង្ហាញ​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​​ជាង​មុន​ ដើម្បី​ប្រជែង​នឹង​រថយន្ត​សាំង

ក្រុម​ហ៊ុន​ចិន​ BYD កំពុង​ចាប់​ផ្ដើម​ «សង្គ្រាមតម្លៃ» ជាមួយ​នឹង​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ (ICE) នៅពេល​បណ្ដា​រថយន្ត​អគ្គិសនី​ថ្មី​ដែល​មាន​តម្លៃ​ទាប​ជាង​មុន​ ចាប់​ផ្ដើម​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​។ បន្ទាប់ពី​បង្ហាញ​វត្តមាន​ Qin Plus EV Honor Edition ថ្មី​កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​ហ៊ុន BYD ក៏​បាន​ឱ្យ​ដឹង​ថា ពួក​គេ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​នូវ​​យុគ​សម័យ​ថ្មី​ស្ដី​ពី​អគ្គិសនី​តម្លៃ​ទាប​ជាង​ប្រេង​ឥន្ធនៈ។

ក្រោយ​ពី​ដណ្ដើម​បាន​តំណែង​ជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​ជាង​គេ​លើ​ពិភពលោក​នៅក្នុង​ត្រី​មាស​ទីបួន​នៃ​ឆ្នាំ 2023 ពី Tesla របស់​អាម៉េរិក បច្ចុប្បន្ន​ក្រុម​ហ៊ុន​ចិន BYD កំពុង​ជំរុញ​ផែនការ​រក្សា​ល្បឿន​នៃការ​រីក​ចម្រើន​នេះសម្រាប់​ឆ្នាំ 2024​។

កាល​ពី​ថ្ងៃទី 20 កុម្ភៈ 2024 BYD បាន​បង្ហាញ​កំណែ​ថ្មី​របស់​រថយន្ត​អគ្គិសនី​ប្រភេទ​សេដាន​របស់​ខ្លួន​ ដើម្បី​បន្ត​ដណ្ដើម​យក​ចំណែកទីផ្សារ​ពី​រថយន្ត​សាំង​។ កំណែ​ Qin Plus EV របស់ BYD មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ ដល់ 19,400 ដុល្លារ​អាម៉េរិក​។

កំណែ​ដំណើរ​ការ​ដោយអគ្គិសនី​ រួមមាន ម៉ូទ័រ​អគ្គិសនី​មួយ​គ្រឿង​ដែល​មាន​អានុភាព​រហូត​ដល់ 134 កម្លាំង​សេះ​ (100 kW) និង​កម្លាំង​រមួល​កង់ 132 lb-ft (180 Nm)។ វា​នឹង​ត្រូវ​បាន​ផ្គត់​ផ្គង់​អគ្គិសនី​ពី​ថ្ម​ផ្ទុក​ថាមពល​ 48 kWh ឬ 57.6 kWh សម្រាប់​រង្វង់​ប្រតិបត្តិការ CLTC ឡើង​ដល់ 420 គីឡូម៉ែត្រ និង 510 គីឡូម៉ែត្រ​។

កាល​ពី​ឆ្នាំ​មុន BYD បាន​បញ្ចេញ​ Qin Plus Champion Edition ដែល​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​រថយន្ត​សាំង​ (14,000 ដុល្លារ) ដែល​ «លុប​បំបាត់​កម្លាំង​ទាក់​ទាញ​របស់​រថយន្ត​ ICE ដោយ​ផ្ទាល់​»។

ពេល​នេះ BYD បាន​បង្ហាញ​ស៊េរី​ថ្មី​របស់​​ម៉ូដែល​រថយន្ត​ហាយព្រីត​ BYD Seal DM-i ដែល​ត្រូវ​បាន​ហៅ​ថា Glory Edition ​មាន​តម្លៃ​ចាប់ពីជាង 11,000 ដុល្លារ និង​កំណែ​អគ្គិសនី​សុទ្ធ​ (EV) មាន​តម្លៃ​ចាប់​ពី 15,200 ដុល្លារ​។

យោង​តាម CnEVPost ក្រុម​ហ៊ុន BYD ក៏​កំពុង​បង្ហាញ​វត្តមាន​កំណែ Champion Edition Dolphin EV ថ្មី ដែល​ធ្វើ​ដំណើរ​បាន​ឆ្ងាយ​ជាង​ និង​មាន​តម្លៃ​ទាប​ជាងស៊េរី​មុន​​។ Dolphin បច្ចុប្បន្ន​មាន​តម្លៃ​ចាប់​ពី 14,500 ដុល្លារ​អាម៉េរិក​៕

Advertisement