សេណារីយ៉ូណា​ដែល​ធ្វើ​ឱ្យ​តម្លៃ​មាស​ពិភពលោក​ឡើង​ដល់ 361 ដុល្លារ​/ជី

មាស​ដុំ​នៅ​ក្នុង​រោង​ចក្រ​កែច្នៃ​មាស​មួយ​កន្លែង​នៅ​ប្រទេស​តួកគី

តម្លៃ​មាស​អាច​កើន​ 50% ឡើង​ដល់ 3,000 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​អោន​ (1 អោន (ounce) = 8.29426 ជី) នៅ​ក្នុង​រង្វង់​ពី 12 ទៅ 18 ខែទៀត​ បើ​សិន​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ចូល​ក្នុង​ឱនភាព​ជ្រៅ​ជាង​បច្ចុប្បន្ន​ និង​បណ្ដា​ធនាគារ​កណ្ដាល​បង្កើន​ការ​ទិញ​។ នេះ​បើ​តាម​ធនាគារ Citi។

តម្លៃ​មាស​ប្រគល់​ភ្លាម​ពិភពលោក​ បច្ចុប្បន្ន​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ 2,016 ដុល្លារ​ក្នុង​មួយ​អោន​ ទាប​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ 2,135 ដុល្លារ​កាល​ពី​ខែ​ធ្នូ 2023​។ ក៏ប៉ុន្តែ ក្រុម​អ្នក​វិភាគ​នៅ​ធនាគារ​ Citi យល់​ថា តម្លៃ​មាស​នេះអាច​ឡើង​ដល់ 3,000 ដុល្លារ​/​អោន​ នៅ​ក្នុង​រង្វង់​ពី 12 ទៅ 18 ខែ​ខាង​មុខ​។

យោង​តាម Aakash Doshi ប្រធាន​ក្រុម​អ្នក​វិភាគ​ទំនិញ​តំបន់អាម៉េរិក​ខាង​ជើង​ ប្រចាំ​ធនាគារ​ Citi សេណារីយ៉ូ​ដែល​មាន​ភាគ​រយ​កើត​ឡើង​ខ្ពស់​ជាង​គេ​ ដែល​នាំ​ឱ្យ​មាស​ឡើង​ថ្លៃ​ដល់ 3,000 ដុល្លារ​/​អោន គឺ​និន្នាការ​ «មិន​ប្រើ​ប្រាស់​ប្រាក់ដុល្លារ​អាម៉េរិក​» នៅ​តាម​ធនាគារ​ជាតិ​នៃ​បណ្ដា​ប្រទេស​ទើប​លេច​ធ្លោ​។ ប្រការ​នេះ​អាច​នាំ​ឱ្យ​កម្លាំង​ទិញមាស​របស់​ធនាគារ​ទាំង​នេះ​កើន​ឡើង​ទ្វេដង​។ បច្ចុប្បន្ន គ្រឿង​អលង្ការ​គឺជា​កម្លាំង​រុញ​ច្រាន​​ចម្បង​គេ​សម្រាប់​តម្រូវ​ការ​មាស​​លើ​ពិភពលោក​។

«និន្នាការ​នេះ​កំពុង​កើត​ឡើង ប៉ុន្តែ​មាន​សភាព​យឺត​យ៉ាវ​ខ្លាំង​។ បើ​សិន​ត្រូវ​បាន​ជំរុញ​ល្បឿន​ វិបត្តិ​ទំនុក​ចិត្ត​លើ​ប្រាក់​ដុល្លារ​អាម៉េរិក​ នឹង​កើត​ឡើង​» Aakash Doshi ឱ្យ​ដឹងដូច្នេះ​។

Citi ឱ្យ​ដឹង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្លាំង​ទិញ​មាស​របស់​បណ្ដា​ធនាគារ​កណ្ដាល​​ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ នៅ​ពេល​ពួក​គេ​​ស្វែង​រក​វិធី​ធ្វើ​ពិពិធកម្ម​ទុន​បម្រុង​ និង​កាត់​បន្ថយ​ហានិភ័យ​​ឥណទាន​។ ធនាគារ​ជាតិ​ចិន និង​រុស្ស៊ី ទិញ​មាស​ច្រើន​ជាង​គេ​បំផុត​ និង​តាម​ពី​ក្រោយ​ដោយ​​​ប្រទេស​ឥណ្ឌា តួកគី និង​ប្រេស៊ីល​។

របាយការណ៍​របស់​ក្រុម​ប្រឹក្សា​មាស​ពិភពលោក (WGC) កាល​ពី​ខែ​មករា បង្ហាញ​ថា បណ្ដា​ធនាគារ​កណ្ដាល​បាន​ទិញ​មាស​ជាង​ 1,000 តោន​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ជាប់​ៗ​គ្នា​។ «បើសិន​តួលេខ​នេះ​ច្រើនជាង​​ទ្វេ​ដង ពោល​គឺ​ឡើង​ដល់ 2,000 តោន​ យើង​យល់​ថា នេះ​នឹង​ជា​កម្លាំង​ទាញ​​ដ៏​ធំ​សម្រាប់​តម្លៃ​មាស​» Doshi បញ្ជាក់​ដូច្នេះ​។

ទន្ទឹម​នឹង​នេះ​ ការ​ដែលសេដ្ឋកិច្ច​​ពិភពលោក​ធ្លាក់ចូល​ក្នុង​ឱនភាព​ជ្រៅ​ ក៏​អាច​ទាញ​តម្លៃ​មាស​ឱ្យ​ឡើង​ដល់ 3,000 ដុល្លារ​ក្នុង​មួយ​អោន​ ព្រោះ​ថា សេណារីយ៉ូ​នេះ​ធ្វើ​ឱ្យ​ធនាគារ​កណ្ដាល​អាម៉េរិក (Fed) បញ្ចុះ​អត្រា​ការ​ប្រាក់​កម្រិត​ខ្ពស់បំផុត​។ ប៉ុន្តែ​ Citi ឱ្យ​ដឹង​ថា សេណារីយ៉ូ​នេះ​មាន​លទ្ធភាព​កើត​ឡើង​មិន​ខ្ពស់​។

ក្រៅ​ពី​នេះ Stagflation (កំណើន​សេដ្ឋកិច្ច​ទាប​ អម​នឹង​អតិផរណា​) ក៏​អាច​ជា​កត្តា​រុញ​តម្លៃ​មាស​ឱ្យ​ឡើង​ខ្ពស់​ ដោយ​សារ​មាស​គឺជា​ទ្រព្យ​សុវត្ថិភាព​ក្នុង​ពេល​មាន​អស្ថិរភាព​សេដ្ឋកិច្ច​ – នយោបាយ​។ ក៏ប៉ុន្តែ សេណារីយ៉ូ​នេះ​ក៏​មាន​លទ្ធភាព​កើត​ឡើង​ក្នុង​កម្រិត​ទាប​។

ក្នុង​ស្ថានភាព​ធម្មតា Citi ព្យាករ​ថា តម្លៃ​មាស​ជា​មធ្យមនឹង​ត្រូវ​បាន​ជួញ​ដូរ​​​ក្នុង​រង្វង់​ 2,000 ដុល្លារ​/អោន​ នៅ​ពាក់​កណ្ដាល​ដើម​ឆ្នាំ និង​ឡើង​ដល់​ 2,150 ដុល្លារ​ នៅ​ពាក់​កណ្ដាល​ចុង​ឆ្នាំ 2024​។ ធនាគារ​នេះ​រំពឹង​ថា នៅ​ចុង​ឆ្នាំនេះ តម្លៃ​មាស​អាច​មាន​លទ្ធភាព​ហក់​ឡើង​ដល់​កម្រិត​ថ្មី​មួយ​ទៀត​៕

Advertisement