Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។

យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។

ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។

ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។

Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost កំណែ​ខ្ពស់​បំផុត​របស់​ Xiaomi SU7 នឹង​មាន​តម្លៃ​ 50,320 ដុល្លារ​អាម៉េរិក​៕

Advertisement