ក្រុម​ហ៊ុន​ AEON Mall ស្នើសុំ​​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ លើ​ការ​ងារ​វិនិយោគ​នៅកម្ពុជា​

កាល​ពី​ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។

ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទាក់​ទង​នឹង​កិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)។

ទំព័រ​បណ្ដាញ​សង្គម​​របស់ CDC ឱ្យ​ដឹង​ថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ 706 លានដុល្លាអាមេរិក ​នៅក្នុង​ការ​បង្កើតផ្សារទំនើបចំនួនបី​ទីតាំង នៅកម្ពុជា គឺ​ ផ្សារទំនើបអ៊ីអនម៉ល ទីមួយ​, ទី​ពីរ និង​ទីបី​។

បច្ចុប្បន្ន AEON Mall (Cambodia) ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ AEON Mall (Cambodia) Logi Plus Co., Ltd ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។

AEON Mall (Cambodia) Co., Ltd. គឺ​ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ជប៉ុន AEON Mall Co., Ltd. នៅ​ប្រទេស​​ជប៉ុន ដែល​មានផ្សារទំនើបសរុបប្រមាណ 203 ទីតាំង​ នៅ​ក្នុង​ប្រទេស​ចំនួន 14 ​លើ​ពិភពលោក៕

Advertisement