ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នៅ​កម្ពុជា​ នឹង​មាន​កំណើន​វិជ្ជមាន

ការ​ព្យាករ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា (CAIF) បាន​បង្ហាញ​ថា ទីផ្សារ​រថយន្ត​ក្នុង​ឆ្នាំ 2024 នឹង​មាន​កំណើន​ជា​វិជ្ជមាន​ ដោយ​នឹង​កើន​ប្រមាណ​ 15% ក្នុង​នោះ ទីផ្សារ​រថយន្ត​ថ្មី​នឹង​បន្ត​កើន​ឡើង​ ស្រប​ពេល​ដែល​រថយន្ត​ជជុះ​នឹង​បន្ត​ធ្លាក់​ចុះ​។

យោង​តាម CAIF អត្រា​នៃ​ការ​លក់​រថយន្ត​ក្នុង​ឆ្នាំ​ 2023 បាន​ធ្លាក់ចុះ​ប្រមាណ​ជាង 20% ក្នុង​នោះ រថយន្ត​ជជុះ​បាន​ធ្លាក់​ចុះ​ប្រមាណ 30% បើ​ធៀប​នឹង​ឆ្នាំ​ 2022។ ក៏ប៉ុន្តែ សន្ទុះ​នៃ​ការ​វិនិយោគ​លើ​រោង​ចក្រ​ដំឡើង​រថយន្ត និង​ក្រុម​ហ៊ុន​ចែក​ចាយ​រថយន្ត​ថ្មី​ នៅ​តែ​បន្ត​មាន​សកម្មភាព​វិនិយោគ​ ក៏​ដូច​ជា​ពង្រីក​សាខា​ចែក​ចាយ​រថយន្ត​ថ្មី​។ ប្រការ​នេះ​គឺជា​សញ្ញាណ​វិជ្ជមាន​នៃ​វិស័យ​ឧស្សាហកម្ម​យាន​យន្ត​របស់​កម្ពុជា​។

មន្ត្រី​នៅ​ CAIF បាន​ឱ្យ​ដឹង​ថា ស្ថាប័ន​នេះ​​នឹង​បន្ត​សហការ​ជាមួយ​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ត​ជំរុញ ទាក់​ទាញ​​ការ​វិនិយោគ​ផ្នែក​យាន​យន្ត​ពី​បរទេស​មក​កាន់​កម្ពុជា​​បន្ថែម​ទៀត និង​ធានាដល់​ការ​ប្រកួត​ប្រជែង​ស្មើ​ភាព​គ្នា​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​នាំចូល​ និង​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី និង​ការវិនិយោគ​លើ​បណ្ដាញ​ស្ថានីយ​បញ្ចូល​ថាមពល​ជា​ដើម​។ នេះ​បើ​តាម​របាយ​ការណ៍​ពី​កិច្ច​ប្រជុំ​ប្រចាំ​ខែ​របស់​សហព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា ដែលបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី 25 មករា 2024​។

Advertisement