ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ កើន​ 31% ក្នុង​ឆ្នាំ 2023

បរិមាណ​រថយន្ត​អគ្គិសនីសុទ្ធ​ និង​រថយន្ត​កូន​កាត់​អគ្គិសនី ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក​​​ក្នុង​ឆ្នាំ​កន្លង សម្រេច​បាន​​ជាង 13.6 លាន​គ្រឿង​ កើន​ 31% បើ​ធៀប​នឹង​ឆ្នាំ 2022​។ នេះ​បើ​តាម​ក្រុម​ហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​ Rho Motion។

ក្នុង​ចំណោម​នោះ រថយន្ត​អគ្គិសនី​សុទ្ធមាន​ប្រមាណ 9.5 លាន​គ្រឿង និង​រថយន្ត​កូន​កាត់​អគ្គិសនី​ (hybrid) មាន​ប្រមាណ 4.1 លាន​គ្រឿង​។ ក្រុម​ហ៊ុន Rho Motion ឱ្យ​ដឹង​ នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ 2023 រថយន្ត​អគ្គិសនី​ត្រូវ​បាន​លក់​ដាច់​ជាង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ ដោយ​មានប្រមាណ​​ 1.5 លាន​គ្រឿង​ត្រូវ​បាន​ទិញ​។

ក៏​ប៉ុន្តែ ​កំណើន​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវ​បាន​លក់​ចេញ​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ 2023 មាន​ល្បឿន​​យឺត​ជាង​បើ​ធៀប​នឹង 60% របស់​ឆ្នាំ 2022​។

ទីផ្សារ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភព​លោក​ក្នុង​ឆ្នាំ 2024 ត្រូវ​បាន​ព្យាករ​ថា នឹង​ជួប​ឧបសគ្គ​មួយ​ចំនួន​ ពិសេស​គឺ​តម្រូវ​ការ​អាច​ទាប​ជាង​មុន​ ដោយ​សារ​តែ​អតិថិជន​ពន្យារ​ពេល​ក្នុង​ការ​សម្រេច​ចិត្ត​ ដើម្បី​រង់​ចាំ​រថយន្ត​ម៉ូដែល​ថ្មី​ ស៊េរី​ថ្មី​ដែល​ល្អ​ជាង​ តូច​ជាង និង​ថោក​ជាង​បច្ចុប្បន្ន ដែល​អាច​នឹង​ត្រូវ​បាន​ដាក់​លក់​ក្នុង​រង្វង់​ពី​ពីរ​ទៅ​បី​ឆ្នាំ​ខាង​មុខ​៕

Advertisement