រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។

GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា

ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។

​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕

Advertisement