ការ​នាំចេញ​​របស់កម្ពុជា​ទៅ​កាន់ទីផ្សារ​​អាម៉េរិក​សម្រេច​បានជាង 8 ពាន់​លាន​ដុល្លារ​ ខណៈទីផ្សារ​ចិន​សម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ

(ភ្នំពេញ) – ក្នុង​រយៈ​ពេល 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទី​ផ្សារ​អន្តរជាតិ​ក្នុង​តម្លៃ​សរុប​ជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 1.2% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​។ នេះ​បើ​តាម​ អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា​ (GDCE)​។

យោង​តាមស្ថិតិ​របស់ GDCE ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅ​កាន់​ សហរដ្ឋ​​អាមេរិក សម្រេច​បាន​ 8.14 ​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដែលនេះ​​​ប្រហែល​នឹង​ 39.7% បើ​ធៀប​នឹង​តម្លៃ​​នាំចេញ​សរុប​ ប៉ុន្តែ​ថយ​ចុះ 0.9% បើ​​ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​។ សហរដ្ឋ​អាម៉េរិក បច្ចុប្បន្ន​គឺជា​ទីផ្សារ​នាំ​ចេញ​ធំជាង​គេ​របស់​កម្ពុជា​។

ក្រៅ​ពី​ទីផ្សារ​ខាងលើ កម្ពុជា​ក៏​នៅ​មាន​ទីផ្សារ​នាំ​ចេញ​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត ក្នុង​នោះ​វៀតណាម​ជា​ទីផ្សារ​នាំ​ចេញ​ធំទីពីរ​របស់​កម្ពុជា ដោយ​តម្លៃ​នៃ​ការ​នាំ​ចេញ​សម្រេច​បាន​ 2.61 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខណៈ​ដែលទីផ្សារ​​ចិនសម្រេច​បាន​ 1.31 ពាន់​លាន​ដុល្លារ​ ជប៉ុន​សម្រេច​បាន​ 1.06 ពាន់​លាន​ដុល្លារ​ និង​កាណាដា​សម្រេច​បាន​ជាង 774 ពាន់​លាន​ដុល្លារ​​។​

​ជា​រួម តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​ទីផ្សារ​ធំៗ​ចំនួន​ប្រាំ​ខាងលើ រួម​ចំណែក​រហូត​ដល់ 67.8% នៅ​ក្នុង​តម្លៃ​នាំ​ចេញ​សរុបជាង 20.49 ពាន់​លាន​ដុល្លារ​អាម៉េរិក​របស់​កម្ពុជា​ ក្នុង​រង្វង់ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ និង​កើន 4.45% បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​៕

Advertisement