កម្ពុជា​ មាន​សមត្ថភាពកិនកែច្នៃ​អង្ករ​បាន 1,200 តោនក្នុងមួយម៉ោង

បច្ចុប្បន្ន កម្ពុជាមានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ រោងម៉ាស៊ីនចំនួន 130 មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ ហើយ​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍ពី​​ទីផ្សារ​ឥណ្ឌូណេស៊ី​។

កាល​ពី​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2023 ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមអមដំណើរ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរោងចក្រកិនស្រូវមួយចំនួនដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា នៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ ដើម្បីពិនិត្យ និងឈ្វេងយល់អំពីសង្វាក់ផលិតកម្មកិនស្រូវ សមត្ថភាពកិនកែច្នៃ បទដ្ឋានស្ដង់ដារសុវត្ថិភាពចំណីអាហារ និងបច្ចេកវិទ្យាក្នុងរោងចក្រកិនស្រូវនៅកម្ពុជា។ នេះ​បើ​តាម​​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

បច្ចុប្បន្ន ប្រទេស​ឥណ្ឌូនេស៊ី គឺជាទីផ្សារថ្មីសម្រាប់​ការនាំចេញអង្កររបស់កម្ពុជា ក្នុង​នោះ ថ្មីៗនេះ កម្ពុជាទើបតែ​បាននាំចេញអង្ករប្រមាណជា 15,000 តោន ទៅ​កាន់​ទីផ្សារមួយ​​នេះ​។

យោង​តាម សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ គិតមក​ដល់ពេល​នេះ វិស័យស្រូវអង្ករកម្ពុជា មានរោងម៉ាស៊ីនខ្នាតមធ្យម និងធំចំនួន 240 ក្នុងនោះ មាន​រោងម៉ាស៊ីនចំនួន 130 ដែល​​មានសមត្ថភាពកិនកែច្នៃ និងឆ្លើយតបទៅតាមបទដ្ឋានស្តង់ដានាំចេញទៅទីផ្សារអន្តរជាតិ។ ចំណែកឯសមត្ថភាពកិនកែច្នៃអង្ករ​វិញ រោង​ម៉ាស៊ីន​កិន​ស្រូវ​ទាំង​នេះ អាច​កែច្នៃ​បាន​ 1,200 តោនក្នុងមួយម៉ោង ខណៈ​ដែល​​ឡសម្ងួតវិញ មាន​សមត្ថភាព​សម្ងួត​បាន​ជាង 42,000 តោនក្នុងមួយថ្ងៃ។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​បាន​ឱ្យ​ដឹង​ថា រោងម៉ាស៊ីននៅកម្ពុជា អាចរក្សាទុក​ស្រូវបាន 2 លានតោនក្នុងមួយវគ្គ ហើយ​អាច​កិនកែច្នៃ និងផ្គត់ផ្គង់អង្ករ​បានរហូតដល់ជាង 4 លានតោនក្នុងមួយឆ្នាំ​៕

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធ​ស្រូវ​-អង្ករ​កម្ពុជា

 

Advertisement