មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​ Elon Musk កាល​ពី​ឆ្នាំ 2022

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។

«កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។

ក្រៅ​ពី​ SpaceX លោក Elon Musk ក៏​ជា​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla, ក្រុម​ហ៊ុន​ស្ថាបនា​ផ្លូវ​ក្រោម​ដី Boring Company, បណ្ដាញ​សង្គម X (អតីត​ Twitter), ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ខួរក្បាល​ Neuralink និង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា xAI ផងដែរ​។ លោក​បាន​ផ្ញើ​អនុសាសន៍​ដល់​អ្នក​ទាំង​ឡាយ​ណា​ដែល​កំពុង​ចាប់​ផ្ដើម​រក​ស៊ី​ថា «ចូរ​រក​វិធី​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ប្រយោជន៍​។ បង្កើត​ផលិត និង​សេវាកម្ម​ដែល​គ្រប់​គ្នា​ត្រូវ​ការ ដើម្បី​កែលម្អ​ជីវភាព​របស់​ពួក​គេ​។ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ»៕

Advertisement