អង្ករ​ធ្លាក់​ថ្លៃ ឥណ្ឌូណេស៊ី ក៏​ប្រញាប់​​បញ្ជាទិញរាប់​​សែន​តោន​​បន្ថែម​ទៀត​

ក្នុងសប្ដាហ៍​កន្លង​ ស្រប​ពេល​ដែល​តម្លៃ​អង្ករ​ក្នុង​ទីផ្សារ​ពិភពលោក​បាន​ធ្លាក់​ចុះ​បន្តិច​ ឥណ្ឌូណេស៊ី​ក៏​បាន​ប្រកាស​អំពី​ការ​ដេញ​ថ្លៃ​សម្រាប់​ការ​ផ្គត់ផ្គង់​អង្ករ​ 543,000 តោន​។

កាល​ពី​ដើម​ខែ​នេះ តម្លៃ​អង្ករ​នៃ​បណ្ដា​ប្រទេស​នាំចេញ បាន​ថយ​ចុះ​បន្តិច​ ក្នុង​នោះ សមាគមអ្នក​នាំ​ចេញ​​​អង្ករ​ថៃ ​ (TREA) បាន​ឱ្យ​ដឹង​ថា អង្ករ​ប្រភេទ​សម្រាប់​នាំ​ចេញរបស់ប្រទេស​នេះ​បាន​ធ្លាក់​ថ្លៃ 9 ដុល្លារ ចុះ​មក​នៅ​ត្រឹម​ 631 ដុល្លារ​អាម៉េរិក​ក្នុង​មួយ​តោន​។ ចំណែក​សមាគម​ស្បៀង​អាហារ​វៀតណាម (VFA) វិញ ក៏​បាន​ប្រកាស​ថា អង្ករ​សម្រូប​ 5% របស់​ប្រទេស​នេះ ធ្លាក់​ថ្លៃ​ 5 ដុល្លារ​/តោន​ ចុះ​មក​នៅ​ត្រឹម​ 658 ដុល្លារ​/តោន​។

ក្នុង​ពេល​អង្ករ​កំពុង​ធ្លាក់​ថ្លៃ ទំព័រ SSRicenews ឱ្យ​ដឹង​ថា ទីភ្នាក់​ងារ​ភស្តុភារ​ជាតិ​ឥណ្ឌូណេស៊ី (Bulog) ក៏​បាន​ផ្ញើសេចក្ដី​ប្រកាស ​អញ្ជើញ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​​អង្ករ​ មក​ចូល​រួម​ដេញ​ថ្លៃសម្រាប់​ការ​​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ប្រទេស​នេះ​រហូត​ដល់ 543,000 តោន​។ ផលិត​ផល​ដែល​ឥណ្ឌូណេស៊ី​ត្រូវ​ការ​គឺ​អង្ករគ្រាប់​វែង​ប្រភេទ​សម្រូប​ 5%​​។ ប្រភព​ផ្គត់​ផ្គង់​អង្ករ​សម្រាប់​ទីផ្សារ​ឥណ្ឌូណេស៊ី​លើក​នេះ រួម​មាន ថៃ វៀតណាម កម្ពុជា មីយ៉ាន់ម៉ា និង​ប៉ាគីស្ថាន​។ ការ​ផ្គត់​ផ្គង់​អង្ករ​ 543,000 តោន​នេះ នឹង​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី 30 ខែមករា ឆ្នាំ 2024​។

យោង​តាម Bulog គិត​មក​ដល់​ថ្ងៃទី 26 វិច្ឆិកា ឥណ្ឌូណេស៊ី បាន​នាំ​ចូល​អង្ករ​សរុប​ 3.3 លាន​តោន នៅ​ក្នុង​ផែន​ការ​នាំចូល​អង្ករ 3.8 លាន​តោន​សម្រាប់​ឆ្នាំ 2023​៕

Advertisement