រថយន្ត​អគ្គិសនី​របស់ Aion បង្ហាញ​វត្តមាន​នៅ​កម្ពុជា​

Aion ដែល​ជា​ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ផ្នែក​រថយន្ត​អគ្គិសនី​របស់​សាជីវកម្មរដ្ឋ​ចិន​ GAC បាន​ចូល​មក​កាន់កម្ពុជា ដែលជា​ទីផ្សារ​អន្តរជាតិ​ទីពីរ​របស់​​ក្រុម​ហ៊ុន​នេះ​ បន្ទាប់​ពី​ប្រទេស​ថៃ​។

GAC Aion បាន​ប្រកាស​ថា បាន​ពង្រីក​វត្តមាន​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​ព្រឹត្តិការណ៍​មួយ​នៅ​រាជធានី​ភ្នំ​ពេញ​ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ ដោយ​ការ​បង្ហាញ​រថយន្ត​ម៉ូដែល crossover Aion Y Plus។ នេះ​បើ​តាម​ប្រកាស​មួយ​ដែល​ក្រុម​ហ៊ុន​នេះ​លើក​ឡើង​កាល​ពី​ថ្ងៃទី 05 ធ្នូ​។

GAC Aion នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​ច្រើន​ម៉ូដែល​នៅ​កម្ពុជា​ ដើម្បី​រួមចំណែក​ជំរុញ​វិស័យ​រថយន្ត​ឱ្យ​​ងាក​ទៅ​រក​ថាមពល​​ស្អាត​។ ក៏ប៉ុន្តែ ក្រុម​ហ៊ុន​នេះ​មិន​ទាន់​ឱ្យ​ដឹង​សេចក្ដី​លម្អិត​ទាក់​ទង​នឹង​ផែនការ​របស់​ខ្លួន​សម្រាប់​ទី​ផ្សារ​​កម្ពុជា​នៅ​ឡើយ​។

GAC Aion គឺជា​មួយ​ក្នុង​ចំណោម​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់​ដាច់​បំផុត​នៅ​ប្រទេស​ចិន​។ ក្នុង​ខែ​វិច្ឆិកា 2023 ក្រុម​ហ៊ុន​នេះ​លក់​រថយន្តអគ្គិសនី​បាន​ 41,567 គ្រឿង​ កើនជាង 44% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​ និង​កើន​ 0.15% ធៀប​នឹង​ខែ​តុលា​។ ក្នុង​រយៈ​ពេល​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ GAC Aion លក់​រថយន្ត​បាន​ជាង 436,000 គ្រឿង​ កើន​ជិត 81% ធៀប​នឹង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2022​៕

Advertisement