«ឈើនាំចូលពីកម្ពុជា» នឹងត្រូវ «វៀតណាមហាមឃាត់» ចាប់ពីឆ្នាំក្រោយ

ក្រសួង​ឧស្សាហកម្មនិង​ពាណិជ្ជកម្ម​វៀតណាម ទើប​តែ​បាន​ចេញ​សារាចរ​មួយ​ដែល​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព​ជំនួញ​ទាក់​ទង​នឹង​ការ​នាំ​ចូល នាំ​ចេញ​ឈើ​មូល​ និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។

យោង​តាម​សារាចរ​ណែនាំនេះ ចាប់​ពី​ថ្ងៃទី 01 មករា 2024 វៀតណាម​ នឹង​បញ្ឈប់​សកម្មភាព​នាំ​ចូល​បណ្ដោះ​អាសន្ន​ពីឡាវ​ និង​កម្ពុជា​ ដែល​ធ្វើ​ឡើង​ក្នុង​បំណង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ទីបី​ ចំពោះ​ឈើ​មូល និង​ឈប់​បន្ទះ​ពី​ព្រៃ​ធម្មជាតិ​ ដែល​ស្ថិត​ក្នុង​ក្រុម​ HS 44.03 និង 44.07 ទៅ​តាម​មុខ​ទំនិញ​នាំចេញ​ នាំ​ចូល​ ដែល​វៀតណាម​បាន​កំណត់​ អម​នឹង​សារាចរ​លេខ 31/2022 របស់​ក្រសួង​ហិរញ្ញវត្ថុ​។

សារាចរ​នេះ​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ជំនួញ​ដែល​ធ្វើ​សកម្មភាព​នាំ​ចូល​​ នាំ​ចេញ​ឈើ​មូល និង​ឈើ​បន្ទះ​បណ្ដោះ​អាសន្ន ដែល​ទិញ​ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​ រួម​នឹង​បុគ្គល​ ឬ​ស្ថាប័ន​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​​នឹង​សកម្មភាព​នាំ​ចូល​ នាំចេញ​បណ្ដោះ​អាសន្ន​ ចំពោះ​ឈើ​មូល និង​ឈើ​បន្ទះ​ ពី​ព្រៃ​ធម្មជាតិ​របស់​កម្ពុជា និង​ឡាវ​។

សារាចរណែនាំ​​នេះ​នឹង​មាន​សុពលភាព​រហូត​ដល់​ថ្ងៃទី 31 ខែ​ធ្នូ ឆ្នាំ 2027​ ដោយ​គិត​ចាប់​ពី​ថ្ងៃទី 01 មករា ឆ្នាំ​ 2024​៕

Advertisement