តម្លៃ​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​​ឡាវ​ ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ សម្រេច​បាន​ជិត 6 ពាន់​លាន​ដុល្លារ

(ឡាវ) – 9 ខែ​ដំបូង​នៃ​ឆ្នាំនេះ តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់ប្រទេស​ឡាវ សម្រេច​បាន​ជិត 6 ពាន់​លាន​ដុល្លារ​អាម៉េរិក ស្មើ​នឹង 72.94% ធៀប​នឹង​ផែនការ​សម្រាប់​ឆ្នាំ 2023​ ហើយ​គ្រោង​នឹង​សម្រេច​បាន​ជាង 8 ពាន់​លាន​ដុល្លារ នៅ​​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​នេះ​ ដែល​ស្មើ​នឹង​ 97.71% នៃ​ផែនការ​។

ចំណែក​តម្លៃ​នៃ​ការ​នាំ​ចូល​ទំនិញ​វិញ ក្នុង 9 ខែ​នេះ ឡាវ​សម្រេច​បាន​ជាង 5​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹងជាង 70% នៃ​ផែនការប្រចាំ​ឆ្នាំ ហើយ​គ្រោង​នឹង​សម្រេច​បាន​ជិត 7 ពាន់​លាន​ដុល្លារនៅ​​ត្រឹម​ដំណាច់​ឆ្នាំ ដែល​ស្មើ​នឹង 97.71% បើ​ធៀប​នឹង​ផែនការ​សម្រាប់​ឆ្នាំ​ 2023​។

លោក Khamchen Vongphosy រដ្ឋមន្ត្រី​ក្រសួង​ផែនការ​និង​វិនិយោគ​ឡាវ បាន​ឱ្យ​ដឹងថា 9 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 សេដ្ឋកិច្ច​ឡាវ​បន្ត​មាន​កំណើន​ ពិសេស​គឺ​វិស័យ​កសិកម្ម-ព្រៃឈើ ដែល​អាច​មាន​កំណើន​ 3.4% និង​រួម​ចំណែក​ 17.3% ទៅ​ក្នុង​ GDP (ផលិតផល​ក្នុង​ស្រុក​សរុប) ហើយ​អាច​កើន​ដល់ 21.4% នៃ​ GDP នៅ​ត្រឹម​ដំណាច់ឆ្នាំ​នេះ​។

ទន្ទឹម​នឹង​នេះ វិស័យ​ឧស្សាហកម្ម​របស់​ឡាវ​ ក៏មាន​កំណើន​ 3.5% ស្មើ​នឹង​ 34.5% នៃ​ GDP ខណៈ​វិស័យ​ទេសចរណ៍​មាន​កំណើន​ 5.6% ស្មើ​នឹង 37.2% នៃ​ GDP នៅ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ​នេះ៕

Advertisement