ចំណីអាហារ​ខូចគុណភាព ឬគុណភាពទាបពី​បរទេស​ នឹង​ត្រូវ​បាន​ហាម​ឃាត់​យ៉ាង​តឹង​រ៉ឹង​បន្ថែម​ទៀត​

(ភ្នំពេញ) – ក្នុងឱកាសអញ្ជើញជួបវិស័យឯកជន និងប្រកាសដាក់ចេញកិច្ចអន្តរាគមន៍នានា ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា នៅឯវិមានសន្តិភាព កាល​ពី​ថ្ងៃទី 13 វិច្ឆិកា 2023 ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជំរុញឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពង្រឹងឱ្យបានម៉ត់ចត់បំផុតនូវការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលមាន​គុណ​ភាពទាប។

នា​ពេល​កន្លង វិស័យឯកជន បានស្នើឱ្យមានការពង្រឹងការគ្រប់គ្រងលើការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីខុសច្បាប់ ដែលមានតម្លៃថោក និងគុណភាពទាប។ ព្រោះ​ថា វាធ្វើឱ្យអ្នកចិញ្ចឹមក្នុងស្រុកមិនអាចប្រកួតប្រជែងបានដោយស្មើភាព ព្រមទាំងប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។ នេះ​បើ​តាម​​ប្រសាសន៍​របស់​សម្ដេច ហ៊ុន ម៉ាណែត​។

«…ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការ ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងឱ្យបានម៉ត់ចត់ការហាមនាំចូលម្ហូប ឬចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយតែសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រូវខុសច្បាប់មកព្រះរាជាណាចក្រកម្ពុជា» សម្ដេច​ថ្លែង​ដូច្នេះដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​សំណើ​របស់​វិស័យ​ឯកជន​ក្នុង​ស្រុក​។

ប្រមុខ​រាជ​រដ្ឋាភិបាល​ ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ ត្រូវកំណត់ទ្វារព្រំដែនដែលអនុញ្ញាតឱ្យមានការនាំចូលសាច់ជ្រូក បង្កក មាន់ ស៊ុត និងត្រី ដើម្បីបង្កភាពងាយស្រួលនៅក្នុងការគ្រប់គ្រង និងត្រួតពិនិត្យលើការនាំចូលខុសច្បាប់ក្នុងរូបភាពផ្សេងៗ​ផងដែរ​៕

Advertisement