កម្ពុជា​នឹង​ទទួល​បាន​ការ​វិនិយោគ​​ពី​ក្រុម​ហ៊ុន «​​តាក់ស៊ី​អគ្គិសនី​» GSM នៅ​ដើម​ឆ្នាំ​ក្រោយ

កម្ពុជា​នឹង​ជា​ទីផ្សារ​​បន្ទាប់​របស់​ក្រុម​ហ៊ុន​តាក់ស៊ី​អគ្គិសនី​បៃតង GSM ដែល​គ្រោង​នឹង​ដំណើរ​ការ​នៅ​ឆ្នាំ​ក្រោយ។ នេះ​បើ​តាម​លោក ង្វៀន វ៉ាន់ថាញ់ អគ្គនាយក​របស់​ក្រុម​ហ៊ុន​ Green, Smart and Mobility។

យោង​តាម​លោក វ៉ាន់ថាញ់ GSM (Green, Smart and Mobility) គឺជា​ក្រុម​ហ៊ុន​តាក់ស៊ី​ដែល​ប្រើប្រាស់​រថយន្ត​អគ្គិសនី​របស់​ក្រុម​ហ៊ុន​វៀតណាម​ VinFast 100%។ ក្រៅ​ពី​រថយន្ត​អគ្គិសនី VinFast ក្រុម​ហ៊ុន GSM ក៏​មាន​ប្រព័ន្ធ​កំណត់ទីតាំង​​ដែល​អាច​ចែក​រំលែក​ព័ត៌មាន​ស្ដី​ពី​ការ​ធ្វើ​ដំណើរ​ ជួយ​ឱ្យ​អ្នក​ប្រើ​ប្រាស់​តាម​ដាន និង​គ្រប់​គ្រង​ការ​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​។

ក្រុម​ហ៊ុន GSM ​របស់​មហា​សេដ្ឋី​វៀតណាម ហ្វាំ ញ៉ឹត​វឿង បាន​ជ្រើស​រើស​ប្រទេស​ឡាវ​ជា​ទីផ្សារ​អន្តរជាតិ​ដំបូង​របស់​ខ្លួន​។ បច្ចុប្បន្ន នៅ​ក្នុង​ទីផ្សារ​មួយ​នេះ GSM មាន​ស្ថានីយ​បញ្ចូល​អគ្គិសនី​ចំនួន 6 កន្លែង​ ដែល​អាច​បញ្ចូល​អគ្គិសនី​ឱ្យ​រថយន្ត​ចំនួន 36 គ្រឿង​ក្នុង​ពេល​តែ​មួយ​។ តាម​ផែនការ រហូត​ដល់​ដំណាច់​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​ 2024 ក្រុម​ហ៊ុន​នេះ​គ្រោង​នឹង​សាងសង់​ស្ថានីយថ្មី​​ចំនួន 13 កន្លែងដែល​អាច​បញ្ចូល​អគ្គិសនី​ឱ្យ​រថយន្ត 72 គ្រឿង​ក្នុង​ពេល​តែ​មួយ​ បន្ថែម​ទៀត​។

​លោក ង្វៀន វ៉ាន់ថាញ់ ដែល​ជា​អគ្គនាយក​របស់​ក្រុម​ហ៊ុន GSM ឱ្យ​ដឹង​ថា «បន្ទាប់​ពី​បាន​បោះ​ជំហាន​ដំបូង​នៅ​ប្រទេស​ឡាវ យើង​បាន​រៀប​គម្រោង​ពង្រីក​ទៅ​កាន់​ទីផ្សារ​កម្ពុជា ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ សម្រាប់​ទីផ្សារ​នានា​ មាន​ជាអាទិ៍ អាម៉េរិក​ខាង​ជើង និង​អឺរ៉ុប​ជា​ដើម GSM មិន​ទាន់​ប្រកាស​ព័ត៌មាន​លម្អិត​នៅ​ឡើយ​»៕

Advertisement