ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ចំណាយ​ជាង​មួយ​ពាន់​លាន​ដុល្លារ​ សាងសង់​រោង​ចក្រ​នៅ​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 6 វិច្ឆិកា ប្រធាន​ការិយាល័យ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Moeldoko បាន​ឱ្យ​ដឹង​ថា VinFast ដែល​ជា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម នឹង​ដាក់​ទុន​វិនិយោគ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។

លោក Moeldoko បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា «ក្រុម​ហ៊ុន​រថយន្ត​វៀតណាម​នឹង​វិនិយោគ​ 1.2 ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​នឹង​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​»។

យោង​តាម​លោក Moeldoko ក្រុម​ហ៊ុន​ VinFast គឺជាមួយ​ក្នុង​ចំណោម​​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ធំ​ៗ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ការ​វិនិយោគ​របស់​ VinFast នៅ​ឥណ្ឌូណេស៊ី​ នឹង​​រួច​ចំណែក​ជួយ​បង្ក​បង្កើត​បណ្ដាញ​ EV នៅ​ប្រទេស​នេះ​។

កាលពី​ថ្ងៃទី 31 តុលា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​ផលិត​រថយន្ត​ឥណ្ឌូណេស៊ី (Gaikindo) លោក Kukuh Kumara បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន VinFast កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​បង្ហើយ​ការ​ងារ​នានា​ជាមួយ​នឹង​​ភាគី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ មុន​ពេល​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​ទីផ្សារ​រថយន្ត​នៅ​ប្រទេស​នេះ​ជា​ផ្លូវ​ការ​៕

Advertisement