កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​មួយ​លាន​តោន​ពី​​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី នៅក្នុង​គម្រោង​នាំចូល​អង្ករ​បន្ថែម​​ 1.5 លាន​តោន​របស់ប្រទេស​នេះ​។

លោក Mokhamad Suyamto ប្រធាន​បណ្ដាញ​ផ្គត់ផ្គង់​ និង​សេវា​សាធារណៈ​របស់ Bulog ឱ្យ​ដឹង​ថា ការ​នាំ​ចូល​បន្ថែម​នេះ​​​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​រហូត​ដល់​ឆ្នាំ 2024​។

«បច្ចុប្បន្ន យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ រួម​មាន ថៃ វៀតណាម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​» លោក Suyamto ឱ្យ​ដឹង​ដូច្នេះ និង​បញ្ជាក់​ថា «យើង​ក៏​នឹង​ពិចារណា​ក្នុង​ការ​នាំចូល​អង្ករ​ពី​ ឥណ្ឌា កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ បើ​សិន​ពួក​គេ​អាច​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​​តម្រូវ​ការ​»​។

យោង​តាមលោក Suyamto បើ​ទោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​បន្ថែម​ 1.5 លាន​តោន​​ក៏ដោយ ប៉ុន្តែ​បរិមាណ​អង្ករ​នាំ​ចូល​​នេះ​នឹង​អាច​ត្រូវ​បាន​កែប្រែ​ទៅ​តាម​តម្រូវ​ការ​​ជាក់​ស្ដែង​​របស់​ទីផ្សារ​ក្នុង​ប្រទេស​។

ក្នុង​ 7 ខែ​ដើម​ឆ្នាំ 2023 អង្ករ​សរុប​ដែល​ត្រូវ​បាន​ឥណ្ឌូណេស៊ី​​នាំ​ចូល​គឺ​​មាន​ 50% មក​ពី​ប្រទេស​ថៃ និង​ 47% មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​៕

Advertisement