ទីក្រុង​ហាណូយរំពឹង​ថា ​ពាណិជ្ជកម្ម​អាម៉េរិក – វៀតណាម នឹង​កើន​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​

កិច្ច​ប្រជុំកំពូល​ស្ដីពី​ពាណិជ្ជកម្ម​រវាង​អាម៉េរិក - វៀតណាម ឆ្នាំ 2023

(ហាណូយ) – នៅ​ក្នុង​កិច្ចប្រជុំកំពូល​ស្ដី​ពី​ពាណិជ្ជកម្ម​វៀតណាម – អាម៉េរិក ដែល​រៀបចំដោយ​ VCCI និង AmCham នា​ព្រឹក​ថ្ងៃទី 31 តុលា នេះ ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម សង្ឃឹម​ថា ភាគី​ទាំង​ពីរ​នឹង​លើក​កម្ពស់​តម្លៃ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឡើង​ដល់​ 200 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នា​ពេល​ឆាប់​ៗ​ខាង​មុខ​។

ក្នុង​កិច្ច​ប្រជុំ​ខាងលើ​ លោក​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាម លោក ត្រឹង លឺវ ក្វាង បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ និង​អាទិភាព​ចំនួន​ 5 នៅ​ក្នុង​ទំនាក់​ទំនង​សហប្រតិបត្តិការ​ទ្វេភាគី​ស្ដី​ពី​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម​ និង​វិនិយោគ​ រវាង​វៀតណាម និង​សហរដ្ឋ​អាម៉េរិក។

ក្នុង​បណ្ដា​ចំណុច​សំខាន់​ និង​អាទិភាព​ទាំង​នេះ​ រួម​មានជា​អាទិ៍ ការ​អនុវត្ត​តាម​កិច្ច​សន្យា​ទាំង​ឡាយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួម​នៅ​ពេល​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ការ​បង្កើន​ការ​នាំ​ចេញ​-នាំចូល ក៏​ដូច​ជា​ការ​ស្នើ​ឱ្យ​បណ្ដា​ក្រុម​ហ៊ុន​អាម៉េរិកបង្កើន​ការ​​ជួយជ្រោម​ជ្រែង​ដើម្បី​ឱ្យ​​វៀតណាម​ឆាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​ថា​ជា​សេដ្ឋកិច្ច​ទីផ្សារ​ធំ​មួយ​។

ចំណែក​ប្រធាន VCCI និងប្រធាន AmCham ដែល​ជា​អ្នក​រៀប​ចំ​កិច្ចប្រជុំ​ខាងលើ ក៏​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​វៀតណាម -អាម៉េរិក នឹង​ស៊ី​ជម្រៅ​ជាង​មុន​។

នា​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​គឺជា​ដៃគូពាណិជ្ជកម្មធំ​ជាង​គេ​លំដាប់​ទីពីរ​ និង​ជា​ទីផ្សារ​នាំ​​ចេញ​ធំ​បំផុត​របស់​វៀតណាម​។ វៀតណាម​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​មួយ​ក្នុង​ចំណោម​ដៃគូ​ធំជាង​គេ​ទាំង​ 10 របស់​សហរដ្ឋ​អាម៉េរិក​​៕

Advertisement