ក្រុម​ហ៊ុន​វៀតណាម បញ្ចេញ​ម៉ូតូ​អគ្គិសនី អាច​​ធ្វើ​ដំណើរ​​បាន​ 270 គីឡូម៉ែត្រ​

ម៉ូដែលម៉ូតូអគ្គិសនី Quantum របស់ Dat Bike

ម៉ូដែល​ម៉ូតូ​ Quantum ទើប​តែ​ត្រូវ​បាន​ក្រុម​ហ៊ុនវៀតណាម​ Dat Bike ប្រកាស​ដាក់​លក់​ក្នុង​ទីផ្សារ​ អាច​ធ្វើដំណើរ​បាន​រហូត​ដល់ 270 គីឡូម៉ែត្រ​ ខណៈ​ក្រុម​ហ៊ុន​មួយ​ផ្សេង​ទៀត​របស់​វៀតណាម ថា ផលិត​ផល​របស់​ខ្លួន​ «ធ្វើដំណើរ​មិន​កំណត់​រយៈ​ចម្ងាយ​»។

កាល​ពី​ថ្ងៃទី 21 តុលា Dat Bike បញ្ចេញ​ម៉ូដែល​ម៉ូតូ​អគ្គិសនី​ជំនាន់​ទី​បួន​ដែល​មាន​ឈ្មោះ​ថា Quantum មាន​រូប​រាង​សាមញ្ញ​ និង​ធ្វើដំណើរ​បាន​ឆ្ងាយ​ជាង​គេ​បង្អស់​នៅ​វៀតណាម។ Quantum អាច​បរ​បាន​ 270 គីឡូម៉ែត្រ​/សាកថ្ម​ម្ដង​ និង​ល្បឿន​អតិបរមា 100 គីឡូម៉ែត្រ​/ម៉ោង​។ ម៉ូតូ​នេះ​ស៊ីពេល​ 4 ម៉ោង​សម្រាប់​បញ្ចូល​អគ្គិសនី​មួយ​ពេញ​នៅ​តាម​ផ្ទះ និង​ 1 ម៉ោង​នៅ​តាម​ស្ថានីយ​របស់ Dat Bike។ ក្រៅ​ពី​នេះ វា​ក៏​ស៊ី​ពេល​តែ​ 1 ម៉ោង​ក្នុង​ការ​បញ្ចូល​ថាមពល​នៅ​តាម​ផ្ទះ​ នឹង​អាច​បរ​បាន​ 100 គីឡូម៉ែត្រ​។ អាយុ​កាល​ថ្ម​ផ្ទុកអគ្គិសនី​របស់​ Quantum ឡើង​ដល់ 25 ឆ្នាំ​។

ប៉ុន្តែ​ ពីរ​បី​ថ្ងៃ​បន្ទាប់​ពីការ​ប្រកាស​របស់ Dat Bike ក៏​មាន​ក្រុម​ហ៊ុន​វៀតណាម​មួយ​ទៀត គឺ​ Selex Motors ​អះអាង​ថា រយៈ​ចម្ងាយ​ផ្លូវ​អតិបរមា​ «មិន​ស្ថិត​ក្នុង​វច្ចនានុក្រម​» នៅ​ពេល​ប្រើ​ប្រាស់​ម៉ូតូ​អគ្គិសនី​របស់​ពួក​គេ​។

Selex Motors ដែល​កំពុង​វាយ​លុក​ទីផ្សារ​ម៉ូតូ​អគ្គិសនី​សម្រាប់ការ​ដឹក​ជញ្ជូន​ បញ្ជាក់​ថា ដើម្បី​ឱ្យ​អ្នក​បើក​បរ​អាច​ធ្វើ​សកម្មភាព​បាន​ច្រើន​បំផុត​ Selex Motors ប្រើ​ប្រាស់​ដំណោះ​ស្រាយ​ប្ដូរ​ថ្ម​ដែល​ស៊ី​ពេល​តែ​ 2 នាទី​ប៉ុណ្ណោះ ដោយមិន​បាច់​រង់​ចាំបញ្ចូល​ថាមពល​ច្រើន​ម៉ោង​ដូច​ម៉ូតូ​អគ្គិសនី​ដទៃ​។

ផលិតផលរបស់​ Selex Motors

Selex Motors មាន​ប្រព័ន្ធ​គាំទ្រ​ចំនួន 4 ផ្នែក​ ដែល​រួម​មាន ម៉ូតូ Selex Camel, ថ្មផ្ទុក​អគ្គិសនី Selex, ស្ថានីយ​ប្ដូរ​ថ្ម​ស្វ័យប្រវត្ត​ និង​កម្មវិធី​ទូរស័ព្ទ (App) ដែល​ជួយ​គ្រប់​គ្រង​ប្រព័ន្ធ​នេះ​ទាំង​មូល​។ បច្ចុប្បន្ន ក្រុម​ហ៊ុន​នេះមាន​ស្ថានីយ​ប្ដូរ​ថ្ម​សរុប 54 នៅ​ទូទាំង​ប្រទេស​។

ដើម្បី​ប្ដូរ​ថ្ម អ្នក​ប្រើ​ប្រាស់​គ្រាន់​តែ​ចូល App និង​ជ្រើស​រើស​ស្ថានីយ​ដែល​នៅ​ជិត​បំផុត ពេល​នោះ app នឹង​បង្ហាញ​ទីតាំង​ និង​ចំនួន​ថ្ម​ដែល​កំពុង​មាន​ក្នុង​ស្ថានីយ​នេះ​។ មក​ដល់​ស្ថានីយ អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​ចូល​ប្រព័ន្ធ​នៅ​ក្នុង​ស្ថានីយ​ដោយ​គណនី​ដេល​បាន​ចុះ​ឈ្មោះ​ពេល​ទិញ​ម៉ូតូ​ ឬ​ស្កេន​កូដ QR រួច​ធ្វើតាម​ការ​ណែនាំ​លើ​អេក្រង់​។ ម៉ូដែល​ម៉ូតូ​អគ្គិសនី Selex Camel របស់​ Selex Motors អាច​ដាក់​ថ្ម​រហូត​ដល់​ 3 គ្រាប់ និង​អាច​ធ្វើ​ដំណើរ​បាន​ 150 គីឡូម៉ែត្រ​៕

Advertisement