រថយន្ត​អគ្គិសនី Concept LF-Z របស់ Lexus ធ្វើ​ដំណើរ​បាន​ 1,000 គីឡូម៉ែត្រ

ក្រុម​ហ៊ុន Toyota បាន​បង្ហើប​ឱ្យ​ដឹង​អំពី concept Lexus ដែល​អាច​បរ​បាន​រហូត​ដល់ 1,000 គីឡូម៉ែត្រ នា​ថ្ងៃ​នេះ ក្នុង​បំណង​វាយ​លុក​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2026​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុម​ហ៊ុន​នេះ​ ក្នុង​ការ​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ថ្ម​ផ្ទុក​ថាមពល​ទំនើប​។

គំរូ​រថយន្ត Lexus LF-ZC ដែលបង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​ពិព័រណ៍​ចល័ត​ជប៉ុន ប្រើ​ប្រាស់​ថ្ម​ផ្ទុក​ថាមពល​រាង​ប្រអប់​ មាន​ថាម​ពល​ខ្ពស់​ ជួយ​ឱ្យ​ធ្វើ​ដំណើរ​បានចម្ងាយ​ប្រហែល 1,000 គីឡូម៉ែត្រ ​ឆ្ងាយ​ជាង​ទ្វេដង​បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​ធម្មតា​។

Lexus LF-ZC មាន​កន្លែង​អង្គុយ​ទាប កន្លែង​បើក​បរ​ធំទូលាយ​ និង​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ញាសិប្បនិម្មិត (AI) ទំនើប​ ដែល​ Toyota ហៅ​ថា Butler។

ក្រុម​ហ៊ុន Toyota បាន​សន្យា​ថា នឹងលក់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ 100% នៅ​ទូទាំង​សកល​លោក​ សម្រាប់​យីហោ​ Lexus ចាប់​ពី​ឆ្នាំ 2035​៕

Advertisement