Kia ដាក់​គោលដៅ​លើ​​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ដើម្បី​បង្កើន​ការ​លក់​

ក្រុម​ហ៊ុន​ Kia បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ខ្នាត​តូច​ល្មម និង​តូច​ចំនួន​បី​ម៉ូដែល​ ក្នុង​បំណង​លក់​ឱ្យ​បាន​មួយ​លាន​គ្រឿង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ឆ្នាំ 2026​ និង​ឡើង​ដល់​ 1.6 លាន​គ្រឿង​​នៅ​ឆ្នាំ 2030​។

Kia បាន​ឱ្យ​ដឹង​ថា ពួក​គេ​កំណត់​គោលដៅ​ផ្គត់ផ្គង់​រថយន្ត​អគ្គិសនី​ច្រើន​ប្រភេទ​ប្រកប​ដោយ​ភាព​សម្បូរ​បែប ដែល​មាន​តម្លៃ​ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​អាម៉េរិក​ ក្នុង​នោះ​ក៏​រួម​ទាំង​បណ្ដា​ម៉ូដែល​ដែល​មាននា​​បច្ចុប្បន្ន​ដូច​ EV6 និង EV9 ក៏ដូច​ជា​បណ្ដា​ម៉ូដែល​ថ្មី​ដែល​មាន​ទំហំ​តូច​ជាង​ នៅក្នុង​ប្រភេទ​រថយន្ត compact និង subcompact (C និង B) មាន​ជា​អាទិ៍ EV5, EV4 និង EV3។

​រថយន្ត​ទាំង​នេះ​នឹងមាន​តម្លៃ​​ចាប់​ពី​ 35,000 ដល់ 50,000 ដុល្លារ​អាម៉េរិក ដែល​នេះ​ត្រូវ​បាន​ Kia រំពឹង​ថា នឹង​ជួយ​ជំរុញ​ការ​លក់​ និង​ពង្រីក​វិសាល​ភាព​នៃ​ការ​ប្រើ​ប្រាស់រថយន្ត​អគ្គិសនី​នៅទូទាំង​ពិភពលោក​។ រថយន្ត​អគ្គិសនី​ EV2 ខ្នាតតូច​ដែល​ជិត​នឹង​បង្ហាញ​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​តម្លៃ​ខាង​លើ​។

Kia ក៏​បាន​ប្រកាស​ឱ្យដឹង​អំពី​យុទ្ធសាស្ត្រ​របស់​ខ្លួន​សម្រាប់​រថយន្ត​អគ្គិសនី​ ក្នុង​នោះ​ក៏​មាន​ទាំង​ការ​កែ​លំអ​ផាសុកភាព​ និង​ទំនុក​ចិត្ត​របស់​អតិថិជន​ផងដែរ ទន្ទឹម​នឹង​ដំណោះ​ស្រាយលើ​​បញ្ហា​ហេដ្ឋារចនា​សម្ព័ន្ធ​​​ដែល​ទាក់​ទង​នឹង​ការ​បញ្ចូលថាមពល​សម្រាប់​រថយន្ត​អគ្គិសនី៕

Advertisement