Audi បញ្ចុះ​តម្លៃ​រហូត​ដល់​ម៉ឺនដុល្លារ​សម្រាប់​រថយន្ត​អគ្គិសនី​របស់​ខ្លួន​​ ដើម្បី​ប្រជែង​នឹង Tesla Model S

Audi RS e-tron GT vs Tesla Model S Plaid

រថយន្ត​អគ្គិសនី RS e-tron GT អាច​តាម​ទាន់ Model S Plaid របស់ Tesla។ នេះ​គឺជា​ក្ដីសង្ឃឹម​របស់​ក្រុម​ហ៊ុន​ Audi​។ ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ Volkswagen Group មួយ​នេះ​កំពុង​បញ្ចុះ​តម្លៃ​រហូត​ដល់ 20,000 ដុល្លារអាម៉េរិក​ សម្រាប់​ម៉ូដែល e-tron GT គ្រា​ដែល​កំពុង​ចូល​រួមប្រជែង​ក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី​។

ទន្ទឹមនឹង Porsche Taycan Turbo ក្រុម​ហ៊ុន Audi គឺជា​មួយ​ក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​ដែល​កំពុង​ប្រជែង​ជាមួយ​នឹង​ Tesla Model S ដោយ​ប្រើប្រាស់​ Audi e-tron GT។

ដោយ​មាន​កម្លាំង​​ឡើង​ដល់​ 637 សេះ​ រថយន្ត​អគ្គិសនី​ Audi e-tron GT អាច​បង្កើន​ល្បឿន​ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង ដោយ​ចំណាយ​ពេល​តែ 3.1 វិនាទី​។ ថ្មលីចូម – អ៊ីយ៉ុង (lithium-ion) 93 kWh របស់​វា​ ជួយ​ឱ្យ​ធ្វើដំណើរ​បាន​ 400 គីឡូម៉ែត្រ​ និង​អាច​បញ្ចូល​ថាមពល​រហ័ស​ ចាប់​ផ្ដើម​ពី 5% ឡើងដល់ 80% ដោយ​ប្រើ​ពេល​ 22.5 នាទី​។

ក្រុម​ហ៊ុន Audi កំពុង​បញ្ចុះ​តម្លៃ​ 20,000 ដុល្លារ​ សម្រាប់ RS e-tron GT 2023។ នេះ​បើតាម​ព័ត៌មាន​ដែល​ត្រូវ​បាន​ Audi ផ្ញើ​ទៅ​កាន់​តំណាង​ចែក​ចាយ​នានា​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។

Audi RS e-tron GT

ក្រោយ​ពី​បញ្ចុះ​តម្លៃ 20,000 ដុល្លារ Audi RS e-tron GT នៅ​តែ​មាន​តម្លៃ​ចាប់​ពី 125,395 ដុល្លារ​ ខ្ពស់ជាង​ឆ្ងាយ​ធៀប​នឹង​ 80,890 ដុល្លារ​របស់ Model S Plaid របស់ Tesla។

Tesla Model S Plaid បំពាក់​ម៉ូទ័រ​អគ្គិសនី​កម្លាំង 1,020 សេះ​ អាច​បង្កើន​ល្បឿន​ចាប់ពី 0 ដល់ 100 គីឡូម៉ែត្រ​/ម៉ោង​ដោយ​ស៊ី​​ពេល 1.99 វិនាទី​ និង​ធ្វើ​ដំណើរ​បាន​រហូត​ដល់ 637 គីឡូម៉ែត្រ​ ក៏ដូចជា​អាច​រត់ក្នុងល្បឿន​ 200 ម៉ាយ​/ម៉ោង ឬជិត 222 គីឡូម៉ែត្រ​/ម៉ោង​។

Model S Plaid របស់ Tesla

ក្រៅ​ពី RS e-tron GT ក្រុម​ហ៊ុន Audi ក៏​កំពុង​បញ្ចុះ​តម្លៃ​ 12,500 ដុល្លារ​សម្រាប់ e-tron GT 2023 កំណែ​ស្ដង់ដា, បញ្ចុះតម្លៃ​ 10,000 ដុល្លារ​សម្រាប់ RS e-tron GT 2024 និង​ 5,000 ដុល្លារ​សម្រាប់​ e-tron GT 2024 កំណែ​ធម្មតា​៕

Advertisement