គម្រោង​រក​ស៊ី​របស់​ SpaceX ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ «ព្រួយបារម្ភ»

បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្ម B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដ៏​ធំ​មួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។

ក្រុម​ហ៊ុន​ផ្គត់ផ្គង់សេវាកម្ម​ទូរគមនាគមន៍​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​កំពុង​តែ​ពិនិត្យ​ទៅ​លើ​ផលប៉ះពាល់​​ដែល​អាច​កើត​មាន​ដោយ​សារ​គម្រោង​ផ្ដល់​សេវា​កម្ម​បែប​ B2C (ពី​ក្រុម​ហ៊ុន​ទៅ​អ្នក​ប្រើ​ប្រាស់​) របស់​ក្រុម​ហ៊ុន​អាម៉េរិក​ SpaceX តាម​រយៈ​ប្រព័ន្ធ​ផ្កាយ​រណប​ Starlink។

ទំព័រ Kata Data (ឥណ្ឌូណេស៊ី) ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​ SpaceX កំពុង​ផ្គត់​ផ្គង់​សេវាកម្ម​បែប B2B (ពី​ក្រុម​ហ៊ុន​ទៅ​ក្រុម​ហ៊ុន) នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ហើយ​ថា SpaceX នឹង​ពិនិត្យ​លទ្ធភាព​ផ្ដល់​សេវាកម្ម​ដល់​អ្នក​ប្រើ​ប្រាស់​ដោយ​ផ្ទាល់​ ពោល​គឺ​ការ​លក់​រាយ​ជូន​អតិថិជន​។

លោក Marwan O. Baasir អគ្គលេខាធិការ​នៃ​សមាគម​ប្រតិបត្តិករ​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ឥណ្ឌូណេស៊ី (ATSI) ទទួលស្គាល់​ថា សេវាកម្ម B2B របស់ Starlink អាច​ជួយ​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​ ពិសេស​គឺ​បណ្ដា​ក្រុម​ហ៊ុន​នៅជនបទ​ តាម​រយៈ​ការ​ផ្គត់​ផ្គង់​បណ្ដាញ​អ៊ីនធើណិត​ដែល​ចាំបាច់​។

ក៏ប៉ុន្តែ យោង​តាម​លោក Marwan ដដែល បើសិន​ជា​ការ​រកស៊ី​របស់​ SpaceX ផ្ដោត​ទៅ​លើ​សេវាកម្មបែប B2C តាម​រយៈ​សកម្មភាព​លក់​រាយ​ដោយ​ផ្ទាល់​ នោះ​នឹង​ជា​ការ​គំរាម​កំហែង​ដល់​បណ្ដា​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​។ មិន​មែន​មាន​តែ​បណ្ដា​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍​ត្រូវ​រង​ផល​ប៉ះពាល់​នោះទេ សូម្បី​តែ​ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ហេដ្ឋារចនា​សម្ព័ន្ធ​ចាំបាច់​ មាន​ដូច​ជា​ខ្សែកាប​អ៊ីធើណិត​ និង​អង់តែន​ទូរស័ព្ទ​ក៏​នឹង​ជួប​ហានិភ័យ​ផងដែរ​។

លោក Marwan សង្កត់​ធ្ងន់​ថា បណ្ដា​ក្រុម​ហ៊ុន​ក្នុង​ស្រុក ​ចង់​ឱ្យ​ការ​ចូល​មក​លក់​រាយ​​​របស់ Starlink នៅ​ឥណ្ឌូណេស៊ី ត្រូវ​តែ​ស្ថិត​ក្នុងបណ្ដាញ​នៃ​ការ​ផ្គត់​ផ្គង់​របស់​ជាតិ​ ដោយ​មិន​អាច​បដិសេធ​បាន​។

យោង​តាម​ទំព័រ Kompas ចុះផ្សាយ​កាល​ពី​ថ្ងៃទី 02 សីហា បច្ចុប្បន្ន SpaceX មាន​ផ្កាយ​រណប​ Starlink សរុប​ចំនួន 4,519 គ្រឿង​នៅ​លើ​គន្លង​តារាវិថី​ផែនដី​ ក្នុង​នោះ​មាន 4,487 គ្រឿង​កំពុង​ដំណើរ​ការ​។ ទន្ទឹម​នឹង​នេះ​ SpaceX ក៏​កំពុង​មាន​គម្រោង​បាញ់​បង្ហោះ​ Starlink 42,000 គ្រឿង​បន្ថែម​ទៀត​ ដើម្បី​បង្កើតបាន​​ជា​បណ្ដាញ​ផ្គត់​ផ្គង់អ៊ីនធើណិត​ល្បឿន​លឿន​​ដែល​គ្រប​ដណ្ដប់​ទូទាំង​ផែនដី​៕

Advertisement