រដូវ​កាល​លក់បញ្ចុះ​តម្លៃ​នៅ​លើ​ផ្សារ​អនឡាញ​ទូទាំង​ពិភពលោក​ជិត​ដំណើរ​ការ​

ទំនិញប្រភេទអេឡិចត្រូវនិច ឧបករណ៍លេងកម្សាន្ត និងសម្លៀកបំពាក់ នឹងត្រូវបានលក់បញ្ចុះតម្លៃទាបជាងគេ

​ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

យោង​តាម​ការ​ព្យាករ​ដែល​ត្រូវ​បាន​ Adobe Analytics ប្រកាស​កាល​ពី​ថ្ងៃទី 05 តុលា អ្នក​ប្រើ​ប្រាស់​នឹង​អាច​ទិញ​ទំនិញ​​បញ្ចុះ​តម្លៃ​ដល់​កម្រិតទាប​មិន​ធ្លាប់​មាន​ក្នុងរដូវ​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ 2023 ពេល​ក្រុម​អ្នក​លក់​រាយ​​តាម​ផ្សារ​អន​ឡាញ ព្យាយាម​អូស​ទាញ​អតិថិជន​​ដែល​កំពុង​ខ្សត់​ប្រាក់​ដោយ​សារ​តែ​បញ្ហា​អតិផរណា​។

Adobe Analytics បាន​​ព្យាករ​ថា យុទ្ធ​សាស្ត្រ​នេះ​នឹង​មាន​ប្រសិទ្ធ​ភាព​ ព្រោះ​ថា ការ​លក់​តាម​អនឡាញ​ក្នុង​រដូវ​បុណ្យ​ទាន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ជិត​ 5% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

ក្នុង​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​ពី​ការ​រំពឹង​ទុក​ផ្នែក​ជួញដូរ​ក្នុង​រដូវបុណ្យ​ទាន​ Adobe Analytics ឱ្យ​ដឹង​ថា ហាង​លក់​រាយ​នានា​បាន​ និង​កំពុង​ត្រៀមខ្លួន​​សម្រាប់​ការ​លក់ទំនិញ​បញ្ចុះ​តម្លៃ​រហូត​ដល់ 35%​ ក្នុង​រដូវ​កាល​បុណ្យ​ទាន​នៅ​ចុង​ឆ្នាំ​នេះ ក្នុង​នោះ ទំនិញ​ប្រភេទ​អេឡិច​ត្រូវនិច ឧបករណ៍​លេង​កម្សាន្ត​ និង​សម្លៀក​បំពាក់​នឹង​ត្រូវ​លក់​បញ្ចុះ​តម្លៃ​ទាប​ជាង​គេ​។

​ក្រុម​ហ៊ុន​វិភាគ​ទិន្នន័យ​ទីផ្សារ​ខាងលើ សង្ឃឹម​ថា អ្នក​ប្រើ​ប្រាស់​នឹង​ចាប់​យកកម្មវិធី​លក់​បញ្ចុះ​តម្លៃ​នេះ​ ហើយ​ចំណាយ​ច្រើន​សូម្បី​តែ​នៅ​ពេលពួក​គេ​​មាន​ការ​ព្រួយ​បារម្ភ​អំពី​តម្លៃ​កើន​ឡើង ក៏​ដូច​ជា​ «សុខភាព» របស់​សេដ្ឋកិច្ច​។

យោង​តាម Adobe Analytics អ្នក​ប្រើប្រាស់ទូទាំង​សកល​លោក​អាច​នឹង​ចំណាយ​ 221.8 ពាន់​លាន​ដុល្លារ​ តាម​រយៈ​ការ​ទិញ​ទំនិញ​ពី​ផ្សារ​អនឡាញ​ ចាប់​ពី​ថ្ងៃទី 01 វិច្ឆិកា រហូត​ដល់​ដំណាច់​ឆ្នាំ​នេះ​។ ប្រការ​នេះ​នឹង​ជួយឱ្យ​កំណើន​សម្រេច​បាន 4.8% ច្រើន​ជាង​ 1.3% បើ​ធៀប​នឹង 3.5% នៃ​​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​កន្លង​៕

Advertisement