TikTok ឈប់​លក់​ទំនិញ​អនឡាញ​នៅ​ឥណ្ឌូណេស៊ី បន្ទាប់​ពី​រដ្ឋ​បាន​ហាម​ឃាត់

TikTok ​សម្រេច​ចិត្ត​ឈប់​លក់​ទំនិញ​តាម​អនឡាញ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ក្រោយ​ពី​រដ្ឋាភិបាល​ប្រទេស​នេះ​បាន​ប្រកាស​ហាម​ឃាត់​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​។

កាល​ពី​ថ្ងៃទី 03 តុលា 2023 TikTok ដែល​ជា​បណ្ដាញ​សង្គម​របស់​ក្រុម​ហ៊ុន​ចិន ByteDance បាន​ប្រកាស​ថា​ នឹង​បញ្ឈប់​សកម្មភាព​ពាណិជ្ជកម្ម​នៅ​លើ​ឧបករណ៍​​ទិញ​ដូរ​ទំនិញ​របស់​ខ្លួន​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​ ចាប់​ពី​ថ្ងៃទី 04 តុលា 2023 នេះ​។

ការ​សម្រេច​ចិត្ត​ខាង​លើ​របស់បណ្ដាញ​សង្គម​ចិន​ TikTok ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​​បាន​ប្រកាស​ហាម​ឃាត់​សកម្មភាព​លក់​ទំនិញ​ផ្ទាល់​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​នានា​ ដើម្បី​ការ​ពារ​អាជីវកម្ម​​ខ្នាត​តូច​របស់​​ខ្លួន​។

ក្នុង​ប្រកាស​ថ្មី​បំផុត​របស់​ខ្លួន TikTok Indonesia សង្កត់​ធ្ងន់​ថា អាទិភាព​ដំបូង​គេ​គឺ​ការគោរព​ច្បាប់ និង​ការ​សម្រេច​របស់​ប្រទេស​ដែល​ TikTok កំពុង​ធ្វើសកម្មភាព​។ ក្នុង​នោះ​ ពួក​គេ​នឹង​ឈប់​ធ្វើពាណិជ្ជកម្ម​អនឡាញ​នៅលើ​ឧបករណ៍​លក់​ដូរ​ទំនិញ TikTok Shop Inodnesia។

ក៏ប៉ុន្តែ​ TikTok ក៏​យល់​ថា បទបញ្ជា​ខាង​លើ​របស់រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ នឹង​ប៉ះពាល់​ដល់​អាជីវករ​រាប់​លាន​នាក់​ដែល​ប្រើ​ប្រាស់​ TikTok Shop ក្នុង​​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​​នេះផងដែរ​។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី Zulkifli Hasan ឱ្យ​ដឹង​ថា បណ្ដា​ក្រុម​ហ៊ុន​ដែល​មិន​គោរព​តាម​បទបញ្ជា​ហាម​លក់​ទំនិញ​លើ​បណ្ដាញ​សង្គម​ នឹង​ត្រូវ​បាន​ព្រមាន​។ បើ​សិន​នៅ​តែ​រំលោភ​បំពាន​ជា​ថ្មី ពួក​គេ​នឹង​ត្រូវ​បាន​ដក​ហូត​អាជ្ញាប័ណ្ណ​អាជីវកម្ម​នៅ​ឥណ្ឌូណេស៊ី​។

មុននោះ រដ្ឋមន្ត្រី​ខាងលើ​យល់​ថា ពាណិជ្ជកម្ម​អនឡាញ​ត្រូវ​ការ​បែង​ចែក​ឱ្យ​ដាច់​ពី​បណ្ដាញ​សង្គម​។ បណ្ដាញ​សង្គម​អាច​ផ្សព្វផ្សាយ​ផលិត​ផល​ ប៉ុន្តែ​មិន​ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​លក់​ដូរ​ផលិត​ផល​​នៅ​លើ​ថ្នាល​បច្ចេក​វិទ្យា​របស់​ពួក​គេ​។ លោក Hasan សង្កត់​ធ្ងន់​ថា បទបញ្ជា​ថ្មី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ការ​ពារ​សហគ្រាស អាជីវកម្ម​ខ្នាត​មធ្យម និង​តូច​។

យោង​តាម​ទិន្នន័យ​របស់ TikTok ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​អ្នក​ប្រើ​ប្រាស់​ 125 លាន​នាក់​ គឺជា​ទីផ្សារ​ធំជាង​គេ​លំដាប់ទីពីរ​ក្នុង​ពិភពលោក​របស់​ TikTok បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​។​ ប៉ុន្តែ​ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​មតិ​កាន់​តែ​ច្រើន​ដែល​​អំពាវនាវ​ឱ្យ​រដ្ឋ​គ្រប់​គ្រង​បណ្ដាញ​សង្គម​ និង​ពាណិជ្ជកម្ម​អនឡាញ​ ពេល​ដែល​អ្នក​លក់​តាម​បែប​បុរាណ​យល់​ឃើញ​ថា ការ​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ខ្លាំង​នៅ​លើ TikTok Shop និង​បណ្ដាញ​សង្គម​នានា ​កំពុង​គំរាម​កំហែង​ដល់​ «ឆ្នាំង​បាយ» របស់​ពួក​គេ​៕

Advertisement