ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Zimnisky តម្លៃ​ពេជ្រ​មិន​ទាន់​​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។

តម្លៃ​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​ដាំក្បាល​ចុះ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ ព្រោះ​តែ​តម្រូវ​ការ​ប្រើប្រាស់​ពី​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​ ក្រោយ​ពី​សម័យវិបត្តិ​កូវីដ-19​ ត្រូវ​បាន​បិទ​បញ្ចប់​។

យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Paul Zimnisky Diamond Analytics តម្លៃ​ពេជ្រ​មិន​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។ ក្រុម​អ្នកវិភាគ​យល់​ថា មូលហេតុ​បណ្ដាល​មក​ពី​ការ​លក់​​រាយ​នៅ​តាម​បណ្ដា​ហាង​លក់​គ្រឿង​អលង្ការ​ បាន​ និង​កំពុង​ថយ​ចុះ​ខ្លាំង​។

អ្នក​ជំនាញ​ Paul Zimnisky ឱ្យ​ដឹង​ថា បន្ទាប់​ពី​វិធានការ​រឹត​បន្តឹង​នានា​ដែល​ទាក់​ទង​នឹង​កូវីដ-19 ត្រូវ​បាន​ដក​ចេញ​ អ្នក​ប្រើ​ប្រាស់​ក៏​ចាប់​ផ្ដើម​មាន​ទំនោរ​ទៅ​រក​ការ​ចំណាយ​ទៅ​លើ​ទេសចរណ៍​ ការ​ហូប​ចុក​ និង​បទ​ពិសោធន៍​ជាក់​ស្ដែងនានា​​ ជំនួស​ឱ្យ​ការ​ទិញ​គ្រឿង​អលង្ការ​ថ្លៃ​ៗ​​​ដូច​មុន​។

ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​កើត​ឡើង​ក្រោយ​ការ​ឡើង​ថ្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​សម័យ​កូវីដ​។

ក៏ប៉ុន្តែ បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ មិន​មែន​មាន​ន័យ​ថា តម្លៃ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​នៅ​តាម​បណ្ដា​ហាង​ក៏​ត្រូវ​ធ្លាក់​ថ្លៃ​តាម​ដែរ​នោះឡើយ​។ ជា​ធម្មតា​ ក្នុង​រយៈ​ពេល​ខ្លី​​ ក្រុម​អ្នក​លក់​រាយ​​តែង​តែ​មិន​ផ្លាស់​ប្ដូរ​តម្លៃ​ផលិត​ផល​នេះ​ទៅ​តាម​ទីផ្សារ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ ដើម្បី​​រក្សា​ខ្ទង់​ប្រាក់​ចំណេញ​។ បច្ចុប្បន្ន​ ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​ទម្ងន់​​មួយ​ការ៉ាត់​​នៅ​តាម​ហាង​នានា​ មាន​តម្លៃ​ខ្ពស់​ជាង​ 3% បើ​ធៀប​នឹង​តម្លៃ​របស់​វា​នៅ​ក្នុង​ខែ​មករា 2020​។

ក្រុម​អ្នកវិភាគ​ព្យាករ​ថា ការ​លក់​គ្រឿង​អលង្ការ​ពេជ្រ​នឹង​កើន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ក្នុង​រដូវ​បុណ្យ​ចុង​ឆ្នាំ​ 2023 និង​ដើម​ឆ្នាំ 2024​។ ដោយ​ឡែក​នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ Zimnisky បាន​ព្យាករ​ថា ទីផ្សារ​មូលបត្រ​ និង​ទី​ផ្សារ​ការ​ងារ​ងើប​ឡើង​វិញ នឹង​ជំរុញ​ឱ្យ​ពេជ្រ​ឡើង​ថ្លៃ​ជា​ថ្មី​នៅ​ឆ្នាំ 2024​៕

Advertisement