វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំចេញ​ 31 មុខ​ដែល​សម្រេច​បាន​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 92.2% បើ​ធៀប​នឹង​តម្លៃ​នៃ​ការ​នាំចេញ​សរុប​​របស់​ប្រទេស​នេះ។

យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម ចំណូល​ពី​ការ​នាំ​ចេញ​-នាំចូល​សរុប​ក្នុង​ខែ​កញ្ញា 2023 របស់​វៀតណាម សម្រេច​បាន​ប្រមាណ​ 60.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 2.5% ធៀប​នឹង​ខែ​មុន និង​កើន 3.6% ធៀប​នឹង​ខែ​កញ្ញា 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បាន 31.4 ពាន់​លាន​ដុល្លារ​ កើន​ 4.6% និង​ការ​នាំ​ចូល​​សម្រេច​បាន 29.1 ពាន់​លាន​ដុល្លារ​ កើន​ 2.6%​ ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។

ក្នុង​ត្រីមាស​ទីបី ការ​នាំ​ចេញ​-នាំចូល​សរុប​សម្រេច​បាន​ 180 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 10% ធៀប​នឹង​ត្រី​មាស​ទី​ពីរ​។ គិត​ជា​រួម ក្នុង​ 9 ខែដំបូង​នៃ​ឆ្នាំ​នេះ​ តម្លៃ​សរុបនៃការ​នាំ​ចេញ​-​នាំ​ចូល​របស់វៀតណាម​ សម្រេច​បាន​ 497.66 ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ 11% ធៀប​នឹង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​ថយ​ចុះ 8.2% និង​ការ​នាំ​ចូល​ថយ​ចុះ 13.8%​។

ដូច្នេះ តុល្យភាព​ពាណិជ្ជកម្ម​ក្រោយ​រយៈ​ពេល 9 ខែ​ មាន​អតិរេក​ពាណិជ្ជកម្ម​ប្រមាណ 21.68 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជាង​ 3.3 ដងធៀប​នឹង​​អតិរេកពាណិជ្ជកម្ម​ក្នុង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​ (6.52 ពាន់​លាន​ដុល្លារ​)​។

យោង​តាម អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម នៅ​ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំ​ចេញ​ 31 មុខ​ដែល​រក​ចំណូល​បាន​លើស​ពី​ «ពាន់​លាន​ដុល្លារ​អាម៉េរិក»​។ ក្នុង​នោះ​ក៏​មាន​ទំនិញ​នាំ​ចេញ​ 6 មុខ​ដែល​​រក​បាន​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​។

ទំនិញ​នាំ​ចេញ​ទាំង​ 6 មុន ដែលមួយ​មុខ​ៗ​​រក​ចំណូល​បាន​លើស​ពី 10 ពាន់​លាន​ដុល្លារ​អាម៉េរិក រួម​មាន៖

1-កុំព្យូទ័រ និង​គ្រឿង​បន្លាស់​, គ្រឿង​អេឡិចត្រូនិច
2-ទូរស័ព្ទ និង​គ្រឿង​បន្លាស់
3-ឧបករណ៍​ ម៉ាស៊ីន​ និង​គ្រឿង​បន្លាស់​ដទៃ​
4-វាយនភ័ណ្ឌ​ កាត់ដេរ
5-ស្បែកជើង
6-មធ្យោបាយ​ដឹក​ជញ្ជូន​ និង​គ្រឿង​បន្លាស់

Advertisement