កម្ពុជា​ទិញ​ទំនិញ​នេះ​ជិត​កន្លះ​លាន​តោន​ពី​វៀត​ណាម​ ក្នុង​​ 8 ​ខែ​​ដំបូង​​នៃ​​ឆ្នាំ​ 2023

កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណសរុប និង 37.3% នៃប្រាក់ចំណូលរបស់វៀតណាមដែលបានពីការលក់ជីកសិកម្ម។
យោងតាមសារព័ត៌មានវៀតណាមដែលដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុង 8 ខែដំបូងនៃឆ្នាំ 2023 វៀតណាមបាននាំចេញជីកសិកម្ម 1.1 លានតោន ដែលមានតម្លៃប្រហែល 449.95 លានដុល្លារអាម៉េរិក ក្នុងនោះតម្លៃមធ្យមគឺ 408.8 ដុល្លារ/តោន ដោយបរិមាណបានថយចុះ 10.3%, តម្លៃទំនិញថយចុះ 36.7% និងចំណូលសរុបបានថយចុះ 43.2% បើធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ 2022។
ដោយឡែក ក្នុងខែសីហា 2023 វៀតណាមនាំចេញជីកសិកម្មបាន 158,088 តោន ស្មើនឹង 58.89 លានដុល្លារអាម៉េរិក ដោយលក់ក្នុងតម្លៃមធ្យម 372.5 ដុល្លារ/តោន ក្នុងនោះ បរិមាណបានកើន 12%, តម្លៃថយចុះ 37.7% និងចំណូលធ្លាក់ចុះ 16.5%។
គិតពីដើមឆ្នាំដល់ដាច់ខែសីហា កម្ពុជាគឺជាទីផ្សារនាំចេញជីកសិកម្មធំជាងគេរបស់វៀតណាម ដោយមានចំណែកជាង 36.5% ក្នុងចំណោមបរិមាណជីសរុបដែលបាននាំចេញ និង 37.3% នៃចំណូលសរុបដែលបានពីការលក់ជីរបស់វៀតណាម។ 8 ខែកន្លងទៅនេះ កម្ពុជាបានទិញជីកសិកម្ម 401,941 តោនពីវៀតណាម ដែលស្មើនឹង 167.74 លានដុល្លារអាម៉េរិក និងក្នុងតម្លៃមធ្យម 417.3 ដុល្លារ/តោន។ បរិមាណជីកសិកម្មដែលវៀតណាមបានលក់ឱ្យកម្ពុជាបានកើន 19.6% ប៉ុន្តែចំណូលបានថយចុះ 6.8% និងតម្លៃក៏ធ្លាក់ 22.1% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។
ក្នុងខែសីហា 2023 កម្ពុជាបានទិញជីកសិកម្មពីវៀតណាម 60,723 តោន ស្មើនឹង 25.15 លានដុល្លារអាម៉េរិក ដោយទិញក្នុងតម្លៃមធ្យម 4141.2 ដុល្លារ/តោន ក្នុងនោះបរិមាណថយចុះ 22%, តម្លៃធ្លាក់ចុះ 4.6% និងចំណាយសរុបកើន 27.7% បើធៀបនឹងខែកក្កដា 2023។
ទីផ្សារនាំចេញជីកសិកម្មធំទីពីររបស់វៀតណាមគឺ ម៉ាឡេស៊ី ដោយនាំចេញបាន 67,711 តោន ស្មើនឹង 22.5 លានដុល្លារ។ ចំណែកកូរ៉េខាងត្បូងវិញ បាននាំចូលជីកសិកម្មពីវៀតណាមចំនួន 49,025 តោន ស្មើនឹង 18.18 លានដុល្លារ៕
Advertisement