VinFast ប្រគល់​រថយន្តអគ្គិសនី​ 9,500 គ្រឿងជូន​អតិថិជន​​ក្នុង​ត្រីមាស​ទីពីរ​

ការ​លក់​មាន​ការ​​កើន​ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទីពីរ​ដោយ​សារ​តែ​ការ​ប្រគល់​រថយន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ឈ្នួល​ GSM។

VinFast Auto (VFS) ដែល​ជា​សមាជិក​មួយ​របស់​សាជីវកម្ម Vingroup (VIC) ទើប​តែ​ផ្ញើ​របាយ​ការណ៍​ស្ដីពី​ស្ថានភាព​របស់​ក្រុម​ហ៊ុន​ក្នុង​ត្រី​មាស​ទីពីរ ជូន​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC)។

របាយការណ៍​ខាងលើ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុនផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast រក​បាន​ចំណូល 334.1 លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជា​ង​បួន​ដង​ធៀប​នឹង​ត្រីមាស​ដំបូង​របស់​ឆ្នាំ​នេះ​។ លទ្ធផល​នេះ​កើត​ឡើងដោយ​សារ​ការ​ប្រគល់​រថយន្ត​អគ្គិសនី​ជូន​អតិថិជន​បាន​ជាង 9,500 គ្រឿង​ ​ច្រើន​ជាង​ប្រាំ​ដង​ធៀប​នឹង​ត្រី​មាស​ទីមួយ​។

របាយការណ៍​ផ្ញើ​ទៅ​កាន់​ SEC ក៏​ឱ្យ​ដឹងថា អតិថិជន​ធំជាង​គេ​បំផុត​របស់ VinFast គឺ​ក្រុមហ៊ុន​ GSM។ GSM គឺ​ជា​ក្រុម​ហ៊ុន​រថយន្តអគ្គិសនី​​ និង​ម៉ូតូ​អគ្គិសនី​ឈ្នួល​របស់​ VinGroup ដែល​ទើប​ត្រូវ​បាន​មហា​សេដ្ឋី​វៀតណាម លោក ហ្វាម ញ៉ឹត​វ៉ឿង (ស្ថាបនិក​របស់ VinGroup) បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ​។ GSM បាន​ទទួល​រថយន្ត​អគ្គិសនី​ប្រហែល 7,100 គ្រឿង​ពី VinFast គិត​ត្រឹម​ចុង​ត្រីមាស​ទីពីរ​។ មុន​នោះ GSM បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ម៉ូតូ​អគ្គិសនី​ 200,000 គ្រឿង និង​រថយន្ត​អគ្គិសនី​ 30,000 គ្រឿង​ពី​ VinFast៕

Advertisement