រថយន្ត​អគ្គិសនី​អាច​នឹង​ក្ដោប​ក្ដាប់​ 2/3 នៃ​ទីផ្សារ​​រថយន្ត​នៅ​ឆ្នាំ​ 2030

ការ​រីក​ចម្រើន​ដ៏​ឆាប់​រហ័ស​របស់​ទីផ្សារ​អឺរ៉ុប និង​ចិន​ នឹង​ជួយ​ឱ្យ​ការ​ជួញដូរ​រថយន្ត​អគ្គិសនី​មាន​កំណើន​ខ្ពស់​ខ្លាំង​នៅ​ចុង​ទសវត្សរ៍​នេះ​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​របស់​វិទ្យាស្ថាន​ Rocky Mountain Institute (RMI) បាន​បង្ហាញ​ថា ដោយ​សារ​តែ​តម្លៃ​ថ្ម​ផ្ទុក​ថាមពល​ថយ​ចុះ រថយន្ត​អគ្គិសនី​អាច​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​​ប្រេង​សាំង​នៅ​ទ្វីប​អឺរ៉ុប​ចាប់​ពី​ឆ្នាំ 2024​ និង​ទីផ្សារ​អាម៉េរិកចាប់​ពី​ឆ្នាំ 2026​ ហើយនឹង​​ក្ដោប​ក្ដាប់​ 2/3 នៃ​ចំនួន​រថយន្ត​សរុប​ដែល​បាន​លក់​ចេញ​នៅ​ឆ្នាំ 2030​។

របាយការណ៍​របស់ RMI បាន​ព្យាករ​ថា តម្លៃ​ថ្ម​ផ្ទុក​ថាមពល​នឹង​ថយ​ចុះ​ពាក់​កណ្ដាល​នៅ​ទសវត្សរ៍​នេះ​ ដោយ​ធ្លាប់​ពី​​ 151 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​នៅ​ឆ្នាំ 2022 ចុះ​មក​នៅ​ត្រឹម​ប្រហែល 60 – 90 ដុល្លារ​/គីឡូវ៉ាត់​ម៉ោង​ ដែល​នឹង​ជួយ​ឱ្យ​​រថយន្ត​អគ្គិសនី​​ធ្លាក់​ថ្លៃ​មក​​ស្មើ​នឹង​រថយន្តប្រើ​ប្រាស់​​ប្រេង​សាំង​​នៅ​គ្រប់​ទីផ្សារ​ចាប់​ពី​ឆ្នាំ 2030​។

តាម​ធម្មតា ថ្ម​ផ្ទុក​ថាមពល​តែង​តែ​កាន់​កាប់​ប្រហែល​ 40% នៃ​តម្លៃ​សរុប​របស់​រថយន្ត​អគ្គិសនី​មួយ​គ្រឿង​។ RMI ឱ្យ​ដឹង​ថា តម្លៃ​នេះ​កំពុង​ថយចុះ​បន្តិច​ម្ដង​ៗ​នៅ​ពេល​បណ្ដា​ក្រុម​ហ៊ុន​ផលិត​រថយន្ត​នាំគ្នា​វិនិយោគ​ទៅ​លើ​គីមី វត្ថុធាតុ​ និង​សបវ៉ែរ​របស់​ថ្ម​ផ្ទុក​ថាមពល​ប្រភេទ​​ថ្មី​ ដើម្បី​បង្កើតបាន​រថយន្ត​អគ្គិសនី​ដែល​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់​។

លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ក្នុង​គម្រោង​សេដ្ឋសាស្ត្រ​របស់​សាកល​វិទ្យាល័យ​ Exeter University បង្ហាញ​ថា បរិមាណ​រថយន្ត​អគ្គិសនី​ដែល​លក់​ចេញ​នឹង​កើន​ទៅ​តាម​លេខ​គុណ​។ យោង​តាម​ការ​ស្រាវ​ជ្រាវ​នេះ​ រថយន្ត​អគ្គិសនី​​នឹង​មាន​តម្លៃ​ស្មើ​នឹង​រថយន្ត​ដំណើរ​ការ​ដោយ​ឥន្ធនៈ​នៅ​ឆ្នាំ 2024 នៅ​អឺរ៉ុប, ឆ្នាំ 2025 នៅ​ប្រទេស​ចិន​, ​2026 នៅ​សហរដ្ឋ​អាម៉េរិក​ និង​ 2027 នៅ​ប្រទេស​ឥណ្ឌា​ ចំពោះ​រថយន្ត​ខ្នាត​មធ្យម និង​​ឆាប់​ជាង​នេះ​ចំពោះ​រថយន្ត​ខ្នាត​តូច​៕

Advertisement