​ផ្កានេះ​​នៅ​ស្រុក​យើង​​គឺ​ជា​ផ្កា តែ​ទៅ​ដល់​​​បរទេស ​គឺ​​ជា​ «ត្បូងមាន​តម្លៃ » ព្រោះ​តែ​​ឧស្សាហកម្ម​ទឹក​អប់

ផ្កាមួយ​ប្រភេទ​នេះ​ត្រូវ​បាន​ចាត់​ទុក​ដូច​ទៅ​នឹង​ត្បូង​ពេជ្រ​​ពណ៌​សនៃ​វិស័យឧស្សាហកម្ម​ផលិត​ទឹក​អប់​ ដោយ​សារ​តែ​សារធាតុ​ប្រេង​របស់​វា​អាច​ជួយ​ឱ្យ​រោង​ចក្ររក​ប្រាក់​ចំណូល​បាន​​ប្រហែល 17,000,000 រៀល ក្នុង​មួយ​លីត្រ។

ផ្កា​ម្លិះ​ត្រូវ​បាន​ប្រដូច​ទៅ​នឹង​ «ត្បូង​ពេជ្រ​ពណ៌​ស» របស់​វិស័យ​ឧស្សាហកម្ម​ទឹក​អប់​។ ក្លិន​ក្រអូប​របស់​វា​សាយភាយ​ពេញ​បរិយាកាស​​ចំការ​ នៅ​ពេល​កសិករ​នៅ​ឥណ្ឌា​នាំ​គ្នា​ប្រមូល​ផល​។ ផ្កា​ដែល​ស្រស់​បំផុត​ត្រូវ​បាន​ជ្រើស​យក​ និង​កែច្នៃ​ជា​មឋម​ដើម្បី​ឱ្យ​ក្លាយ​ជា​វត្ថុ​ធាតុ​សម្រាប់​ការ​ផលិត​ទឹក​អប់គុណ​ភាព​ខ្ពស់​​ច្រើនប្រភេទ​នៅ​លើ​ពិភពលោក​។ នេះ​បើ​តាម​ទំព័រ The New Indian Express។

នៅ​​ទីក្រុង Madurai ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ផ្កាម្លិះ​គុណភាព​ខ្ពស់​មាន​វត្តមាន​នៅ​ពាស​ពេញ​តំបន់​។ ពួក​វា​ទាក់​ទាញ​បាន​អ្នក​ផ្គត់ផ្គង់​ទឹក​អប់​ល្បី​ៗ​លំដាប់​កំពូល​លើ​ពិភពលោក មាន​ដូច​ជា Jádore by Dior ឬ​ Mon Guerlain ជា​ដើម​។

លោក Raja Palaniswamy ប្រធាន​ក្រុម​ហ៊ុន​ចម្រាញ់​ប្រេង​ពី​ផ្កា​ម្លិះ Jasmine Concrete ឱ្យ​ដឹង​ថា ប្រេង​របស់​ផ្កា​នេះ​គឺជា​មួយ​ក្នុង​ចំណោម​ប្រេង​ផ្កា​ដែល​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​។

ក្រោយ​ពី​ត្រូវ​បាន​បេះ​ពីដើម ផ្កាម្លិះ​នឹង​ត្រូវ​បាន​លក់​ពី 200 ទៅ 2,000 រូពី​ឥណ្ឌា​ (ប្រហែល​ពី 10,000 ទៅ 100,000​ រៀល) ក្នុង​មួយ​គីឡូក្រាម​ អាស្រ័យ​លើ​គុណភាព​។ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​តម្លៃ​របស់​ផ្កា​ម្លិះ​ស្រស់​ប៉ុណ្ណោះ​។

ផ្កា​ម្លិះ​ដែល​ទើប​តែ​ត្រូវ​បាន​បេះ​នឹង​ត្រូវ​ត្រាំ​ក្នុង​សារធាតុ​រំលាយ​ម្យ៉ាង​ដើម្បី​បង្កើត​បាន​ជា​ប្រេង​ពិសេស​មួយ​ប្រភេទ​ បន្ទាប់​មក​គេ​ប្រើ​ប្រាស់​​អាល់កុល​​ដើម្បី​ចម្រាញ់​ចោល​កាក និង​យក​សារធាតុ​ប្រេង​សុទ្ធ​ ដែល​ជា​វត្ថុ​ធាតុ​សម្រាប់​ការ​​ផលិត​ទឹក​អប់​។

លោក Palaniswamy ឱ្យ​ដឹង​ថា គេ​ត្រូវ​ការ​ផ្កា​ម្លិះ​ស្រស់​រហូត​ដល់ 700 គីឡូក្រាម​ ទើប​​អាច​ចម្រាញ់​យក​សារធាតុ​ប្រេង​ម្លិះ​សុទ្ធ​បាន​មួយ​លីត្រ​។ ប្រេង​ម្លិះ​សុទ្ធ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល 4,200 ដុល្លារ​អាម៉េរិក​ (ប្រហែល​នឹង 17,300,000 រៀល) ក្នុង​មួយ​លីត្រ។

កំហាប់​ប្រេង​ម្លិះ​កាន់​តែ​ខ្ពស់​ ​ទឹក​អប់​ក៏នឹង​កាន់​តែ​មាន​តម្លៃ​ខ្ពស់​​ បន្ទាប់​ពី​ត្រូវ​បាន​ផលិត​ និង​ដាក់​ចូល​ដប​។ យោង​តាម​ទំព័រ Bellatorty ទឹក​អប់​ Clive Christian Imperial Majesty ដែល​ផលិត​ពី​ផ្កា​ម្លិះ​នៅ​ឥណ្ឌា មាន​តម្លៃ​រហូត​ដល់​ 215,000 ដុល្លារ​អាម៉េរិក (ឬ 888,791,510​ រៀល) ក្នុង​មួយ​ដប​ 500 មិល្លីលីត្រ​៕

Advertisement